ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករWayne Rooneyបានប្តេជ្ញាចិត្តថានឹងខិតខំឲ្យខ្លាំងជាងមុនដើម្បីជាប់ជាជម្រើសជាតិអង់គ្លេសវិញ ក្រោយពេលរូបគាត់ត្រូវបានអ្នកចាត់ការ ទូទៅបណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិអង់គ្លេសកាត់ចេញពេលប៉ះជាមួយ ជម្រើសជាតិស្លូវ៉ានី ។
លោកGareth Southgateអ្នកចាត់ការ ទូទៅបណ្តោះអាសន្នក្រុមជម្រើសជាតិអង់គ្លេសបានសម្រេចចិត្តដក Wayne Rooney ចេញពីក្រុមជម្រើសជាតិពេលប៉ះក្រុមស្លូវា៉នី ប៉ុន្តែគាត់និយាយថានេះគឺជាបច្ចេកទេសដឹកនាំមិនមកពីទម្រង់លេងរបស់កីឡាករWayne Rooney ឡើយ ។Gareth Southgate នៅតែរក្សាតំណែង Rooney ជាប្រធាន ក្រុមដដែល ប៉ុន្តែកីឡាករខ្សែបម្រើ Jordan Henderson របស់ហង្សក្រហម Liverpoolគឺជាអ្នកទទួលបន្ទុកប្រធានក្រុមពេលប៉ះស្លូវ៉ានី។
Wayne Rooneyមិនបានជាប់ជម្រើសដំបូងក្នុងក្លិបបិសាចក្រហមចំនួន៣ប្រកួតហើយ។ កីឡាករវ័យ៣០ឆ្នាំនេះនិយាយថាគាត់មិនមានការខ្មាសអៀនឡើយទោះបីជាក្លាយទៅជាកីឡាករបម្រុងក្តី។តែគាត់ បានបេ្តជ្ញាចិត្តថា “ខ្ញុំនឹងខិតខំហ្វឹកហាត់ ឡើងវិញដើម្បីក្លិបនិងប្រទេស។ ខ្ញុំជឿថាខ្ញុំនឹងអាចវិលត្រឡប់មកវិញដោយភាពខ្លាំងមានទម្រង់ល្អ។ ខ្ញុំទើបតែអាយុ៣០ឆ្នាំ ប៉ុណ្ណោះមិនមែន៣៥ទៅ៣៦ឆ្នាំឯណា។ ដូចដែលខ្ញុំធ្លាប់បាននិយាយពីមុនហើយថាខ្ញុំមិនដែលចង់ឈប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសនោះទេ”។
គួរបញ្ជាក់ថា កីឡាករ Wayne Rooneyគឺជាកីឡាករស៊ុតបាល់បានច្រើនជាងគេ បង្អស់ឲ្យក្រុមជម្រើសជាតិអង់គ្លេសដោយស៊ុតបាល់បាន៥៣គ្រាប់ក្នុងចំណោម១១៧ប្រកួត ប៉ុន្តែនៅក្នុងរដូវកាលថ្មីនេះរូបគេស៊ុតបាល់បានតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម១២ប្រកួតឲ្យក្រុមបិសាចក្រហម និងជម្រើសជាតិអង់គ្លេស៕
ដោយ៖ ដេវីត