ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារលឹមឈាងហាក់ ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលជនសង្ស័យរូបនេះ ឈរចាំម៉ូតូហើយរត់មិនទាន់ ។
ប្រភពពីសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យនិយាយថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនបាននោះមានឈ្មោះ វ៉ា សាលៀប ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ចាប់ខ្លួន) និងបក្ខពួក២នាក់ផ្សេងគេចខ្លួន មានឈ្មោះ ឌី និងឈ្មោះ ធា(គេចខ្លួន)។ ជនសង្ស័យជិះម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើ សកម្មភាពម៉ាកស្តេប ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១W-១៧៧៩ ។
ប្រភពពីសមត្ថកិច្ចដដែលបន្តថា មុនពេលកើតហេតុគឺក្រុមជនសង្ស័យ ជិះម៉ូតូឆ្លងកាត់ផ្ទះជនរងគ្រោះដែលស្ថិតនៅក្បែរផ្សារលឹមឈាងហាក់ ហើយពួកគេក៏បានឃើញកាបូបជនរងគ្រោះទុកចោលលើម៉ូតូរួចក៏ដើរចូលផ្ទះ ខណៈដែលដូច្នោះជនសង្ស័យ២នាក់ ចុះពីលើម៉ូតូដើរលួចយកកាបូបនោះ នៅពេលនោះប្រជាពលរដ្ឋក្បែរខាងឃើញក៏ស្រែកថាចោរៗជនសង្ស័យ២នាក់នោះក៏រត់គេចខ្លួនបាត់។ បន្សល់ទុកជនសង្ស័យម្នាក់ ដែលកំពុងឈរចាំម៉ូតូ ក៏ព្យាយាមធាក់ម៉ូតូ តែម៉ូតូអត់ឆេះ រត់មិនរួច ក៏ត្រូវពលរដ្ឋវាយទ្រមខ្លួន ។
សមត្ថកិច្ចបន្ថែមថា តាមពិតទៅកាបូបដែលជនសង្ស័យលួចនោះក្នុងកាបូបពុំមាន លុយកាក់អ្វីនោះ មានតែឯកសារសំណង់ ព្រោះជនរងគ្រោះម្ចាស់កាបូបជាអ្នកម៉ៅការសំណង់ ហើយក្រោយកើតហេតុគាត់ ក៏មើលការដ្ឋានសំណង់គាត់នៅឯទន្លេបាទី ។
បច្ចប្បន្ន ជនសង្ស័យសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិ ការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ តាឡឹម