ចៅក្រមតុលាការកំពូលហ្វុីលីពីនលោក Antonia Carpio បានអំពាវនាវដល់រដ្ឋាភិបាល បន្តសកម្មភាពយាមល្បាតជាមួយអាមេរិកឡើងវិញនៅសមុទ្រចិនភាគខាងត្បូង។
ការអំពាវនាវរបស់តុលាការកំពូលកើតឡើងក្រោយពេលដែលហ្វុីលីពីនបាន ប្រកាសលុបចោលការធ្វើសមយុទ្ធរួមនិង យាមល្បាតនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការកំពូល បញ្ជាក់ថា ប្រធានាធិបតី ឌុយទែរតេ គួរតែបានមើលឃើញសារសំខាន់របស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូង និងជំរុញរដ្ឋាភិបាលយ៉ាមល្បាតជាមួយអាមេរិកឡើង វិញ នៅក្នុងតំបន់ដែលមានវិវាទ។
លោក Antonia Carpio បានបញ្ជាក់នៅ ក្នុងពិធីបញ្ចប់ការធ្វើសមយុទ្ធរួមជាមួយ អាមេរិកថា មានតែប្រទេសមហាអំណាចតែមួយគត់ទើបអាចរារាំងចិនឈ្លានពាន តំបន់សេដ្ឋកិច្ចប្រទេសជិតខាងនោះគឺអាមេ រិក។
កន្លងមកហ្វុីលីពីនបានប្រកាសថា កងទ័ព ហ្វុីលីពីនបានព្យួរសកម្មភាពល្បាតផ្លូវទឹករួម គ្នាជាមួយអាមេរិកនៅសមុទ្រចិនភាគខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោកឌែលហ្វ៊ីន ឡូរេនហ្សាណា ( Delfin Lorenzana ) បានប្រកាសថា បានជូនដំណឹងនេះជាផ្លូវការទៅអាមេរិករួចហើយ ស្របតាម បញ្ជារបស់ប្រធានាធិបតី ឌុយទែរតេ ។
ប្រមុខការពារជាតិហ្វុីលីពីនលោក ឌែល ហ្វ៊ីន ឡូរេនហ្សាណា ( Delfin Lorenzana ) បានប្រកាសប្រាប់អ្នកសារព័ត៌មានថា សកម្ម ភាពល្បាតផ្លូវទឹកនៅសមុទ្រចិនខាងត្បូង ដែលហ្វុីលីពីនត្រូវធ្វើរួមគ្នាជាមួយអាមេរិកត្រូវបានព្យួរទុកសិននៅពេលនេះ ហើយ អាមេរិកក៏បានដឹងរឿងនេះដែរ។ ប្រមុខការ ពារជាតិហ្វុីលីពីនប្រាប់ទៀតថា លោកបានជូនដំណឹងនេះទៅមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំនៅប៉ាស៊ីហ្វិករួចហើយ។
ប្រតិបត្តិការល្បាតជើងទឹករួមគ្នាជាមួយ អាមេរិកនេះជាផែនការរបស់ហ្វុីលីពីននិងអាមេរិកតាំងពីក្នុងអាណត្តិរដ្ឋាភិបាលរបស់ លោក អាគីណូ ម្លេ៉ះ។ ហ្វុីលីពីនចង់ពង្រឹង វត្តមានយោធាអាមេរិកក្នុងតំបន់ដើម្បីប្រឈម នឹងចិនដែលមានជម្លោះដែនទឹកជាមួយ ខ្លួន។
ប៉ុន្តែតាំងពីលោក ឌុយទែរតេ ឡើងកាន់ អំណាចមកលោកបានប្រែហ្វុីលីពីនឲ្យងាក ទៅសហប្រតិបត្តិការជាមួយចិនវិញ។ ទំនាក់ ទំនងរវាងអាមេរិកនឹងហ្វុីលីពីនវិញបានធ្លាក់ ចុះជាលំដាប់ ពិសេសក្រោយពេលក្រុងវ៉ាស៊ីនតោនរិះគន់នយោបាយលោក ឌុយទែរ តេ ក្នុងការកម្ចាត់ឧក្រិដ្ឋជនគ្រឿងញៀនដោយមិនឆ្លងកាត់ការកាត់ទោសតាមច្បាប់។ រហូតដល់ពេលនេះនយោបាយកម្ចាត់ឧក្រិដ្ឋ ជនគ្រឿងញៀនបានសម្លាប់មនុស្សជាង ៣.៣០០នាក់នៅហ្វុីលីពីន។
កាលពីថ្ងៃអង្គារលោក ឌុយទែរតេ បានគំរាមកាត់ផ្តាច់ទាំងស្រុងនូវទំនាក់ទំនងជាមួយអាមេរិក។ លោកលើកឡើងថា លោកអស់មានការគោរពចំពោះអាមេរិកទៀតហើយ។ កាលពីចុងខែកញ្ញាកន្លងទៅលោក ឌុយទែរតេ ថែមទាំងចាត់ទុកលោក អូបាម៉ា ថា ជាកូនស្ត្រីពេស្យាទៀតផង។
ការស្នើឲ្យតភ្ជាប់ឡើងវិញនូវការយាមល្បាតរួមរបស់ចៅក្រមតុលាការកំពូលគឺជារឿងដ៏សំខាន់សម្រាប់អនាគតរបស់ហ្វុីលីពីន។ ការឈប់យាមល្បាតរួមឬបណ្តេញទាហានអាមេរិកចេញនោះនឹងធ្វើឲ្យហ្វុីលីពីនបាត់បង់ផលប្រយោជន៍ជាច្រើននៅក្នុង តំបន់សមុទ្រចិនភាគខាងត្បូង។
កន្លងមកចិនបានឡើងគម្រោងគ្រប់គ្រង តំបន់សមុទ្រចិនភាគខាងត្បូងជាមួយក្រុមយន្តហោះគ្មានមនុស្សបើក ដើម្បីតាមដានរាល់សកម្មភាពនៅក្នុងតំបន់សមុទ្រដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូងនិងសមុទ្រចិនខាងកើត។
នៅពេលនេះចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតនិងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅគ្រប់ទិសទីក្នុង តំបន់សមុទ្រចិនភាគខាងត្បូងនិងភាគខាង កើតដែលកំពុងតែមានវិវាទរវាងចិននឹង ប្រទេសជិតខាង។
បច្ចុប្បន្នចិនមានយន្តហោះយាមល្បាតប្រភេទ ZC-5B និង ZC-10 ជាប្រភេទ បំបាំងកាយអាចគេចផុតពីប្រព័ន្ធរ៉ាដារបស់ សត្រូវ។ យន្តហោះគ្មានមនុស្សបើកប្រភេទ ZC-5B អាចហោះហើរបានចម្ងាយ១.៤០០ គីឡូម៉ែត្រ និងហោះហើរបានរយៈពេល ៣០ម៉ោង។ គោលដៅគឺការពារផល ប្រយោជន៍របស់ចិន និងតាមដានសកម្ម ភាពយោធារបស់សត្រូវ។
ក្រុមអ្នកវិភាគបញ្ជាក់ថា សកម្មភាពខាង លើរបស់ចិនគឺដើម្បីបង្កើនកម្លាំងក្នុងការគ្រប់គ្រងដែនសមុទ្រដែលមានវិវាទជា មួយប្រទេសជិតខាង។ រយៈពេលកន្លង មកចិនបានពង្រឹងសកម្មភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដោយមានសកម្មភាពយោធាជាច្រើននៅទីនោះក្នុងនោះមាន ការធ្វើសមយុទ្ធទាហានជើងទឹកជាទ្រង់ទ្រាយធំជាមួយរុស្សុី។ សមយុទ្ធនោះមាន ឈ្មោះថា Joint Sea-2016 គឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានរវាងចិននឹងរុស្ស៊ី។
យោងតាមសេចក្តីប្រកាសរបស់កង ទ័ពជើងទឹកចិនដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់នាវាចម្បាំង នាវាមុជទឹក ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងហើយនៅក្នុងសមយុទ្ធនេះកងទ័ពចិននិងរុស្ស៊ីនឹងធ្វើការហាត់ សមពីការធ្វើប្រតិបត្តិការទ័ពរួមគ្នាទាក់ទងនឹងប្រតិបត្តិការសង្គ្រោះការការពារទល់នឹង ការវាយប្រហារពីសត្រូវប្រតិបត្តិការប្រមាញ់ នាវាមុជទឹកសត្រូវប្រតិបត្តិការវាយលុក ដណ្តើមកាន់កាប់កោះព្រមទាំងប្រតិបត្តិការ យោធាជាច្រើនផ្សេងទៀត។
ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាសមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះចង់ឬ មិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹងឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេសដែល ជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះទំនងជាដើម្បីឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលកំពុងតែព្យាយាម ចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ដើម្បីមកប្រជែងជាមួយចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី