ខេត្តក្រចេះ៖ ជនស្ស័យប្រុស ស្រី មិនស្គាល់អត្តសញ្ញាណ៣នាក់ បានធ្វើសកម្មភាពចូលបន្លំយកលុយអស់ជាច្រើនពាន់ដុល្លារ នៅផ្ទះអាជីវករលក់ទំនិញសម្ភារៈ និងផ្ទេរប្រាក់ មួយកន្លែងនៅជិតផ្សារ ឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ។
ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ សំ និមល អាយុ៣០ឆ្នាំជាអាជីវករលក់ដូរ និងភ្នាក់ងារផ្ទេរលុយអោយក្រុមហ៊ុនមួយ មានទីតាំងនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុក ឆ្លូង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីម្សិលម៉ិញ មានជនប្រុស-ស្រីពីរនាក់ បានមកធ្វើជាមកទិញផ្លែរឈើនិងដូរលុយចំនួន១០០ដុល្លារនៅកន្លែងរបស់គាត់ ។
ហើយនៅព្រឹកថ្ងៃកើតហេតុទី១២ តុលានេះ ជនប្រុស-ស្រីដដែលនោះ ក៏បានមកម្តង ទៀតក្នុងនោះមានស្រ្តី២នាក់ និងបុរសម្នាក់បានមកតថ្លៃទិញសម្ភារ និងរបស់របរក្មេងលេង ។
ពេលកំពុងទិញ គឺមានមនុស្សស្រីពីរនាក់ជាអ្នកតថ្លៃទិញ ចំណែកឯបុរសជាបក្ខពួកបានអង្គុយចាំលើម៉ូតូ ដែលចតនៅក្បែរ និងច្រកចូលផ្ទះ ។ ក្រោយពីពួកគេបានទិញ និងបានជិះម៉ូតូចេញទៅបាត់ ក្រោយពីជនសង្ស័យទាំងបីនាក់ចេញទៅបាត់ ស្រ្តីរងគ្រោះជាម្ចាស់ផ្ទះបានបើកទូលុយ ទើបដឹងថា ត្រូវគេបន្លំចូល លួចយកទៅអស់ ។
បើតាមស្រ្តីរងគ្រោះ លុយដែលបានបាត់ត្រូវពួកគេលួចបន្លំចូលយក គឺមានចំនួន ៣៤០០ដុល្លារ និងលុយខ្មែរចំនួន៤លានរៀល ។
នគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្រោយការចុះសាកសួរ និងពិនិត្យលើវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ ក្រុមជនសង្ស័យប្រុស ស្រី គឺកម្លាំងនគរបាលបានកំណត់លើមុខសញ្ញាបានខ្លះហើយ ទៅលើភិនភាគ និងមធ្យោ បាយធ្វើដំណើរ ដែលពួកគេជិះធ្វើសកម្មភាពល្មើស ហើយកម្លាំងជំនាញកំពុងតែស៊ើបអង្កេត ស្រាវជ្រាវលើក្រុម ជនទាំងនោះ ៕
ដោយ៖ កោះទ្រុង