ភ្នំពេញ៖ នគរបាលខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យម្នាក់ ក្រោយយកកាំបិតចុងស្រួចចាក់ទៅលើភាគីម្ខាងទៀត បណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ២រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំ កែងផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។
នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុខច័ន្ទ អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៤អា ផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។ រីឯជនរងគ្រោះឈ្មោះ ជួន ចាន់នី ហៅខ្មៅ អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៩ ផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា(រងរបួសធ្ងន់)។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យអង្គុយផឹកស្រាអស់កន្លះហ្ស៊ីក្នុងផ្ទះរបស់ខ្លួន រួចក៏ចេញទៅជាមួយមិត្តភក្តិនៅក្រោមអគារ ប៉ាស្ទ័រ ទៀត ហើយជនសង្ស័យបានយកកាំបិតចុងស្រួចពីក្នុងផ្ទះខ្លួនមកសៀតនឹងចង្កេះ ដើម្បីកាត់ផ្លែចេកក្លែមស្រា ខណៈដែលអង្កុយផឹក ស្រាប់តែជនរងគ្រោះបើកម៉ូតូទៅក្បែរជនសង្ស័យ រួចក៏ស្រែកឌឺដងដាក់ជនសង្ស័យ ហើយក៏បានបើកម៉ូតូចេញមកដល់ផ្លូវវត្តចាស់ ពេលនោះជនសង្ស័យឈប់ផឹកស្រាក៏បានដើរមកអង្គុយផឹកនៅផ្លូវវត្តចាស់ក្បែរផ្លូវចូលផ្ទះរបស់ខ្លួន។ មួយស្ទុះក្រោយមក ជនរងគ្រោះក៏បានបើកម៉ូតូមកក្បែរជនសង្ស័យម្តងទៀត ហើយក៏ឈប់ម៉ូតូ ឃើញដូចនោះជនសង្ស័យស្មានថា ជនរងគ្រោះឈប់ម៉ូតូចុះមកវាយខ្លួន ហើយក៏ងើបទៅដាល់ជនរងគ្រោះចំនួន ២ដៃចំកញ្ចឹងកខាងក្រោយ រួចក៏ប្រតាយប្រតបគ្នា ភ្លាមនោះជនសង្ស័យបានដកកាំបិតចាក់ទៅលើជនរងគ្រោះចំចុងដង្ហើមបណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយមកជនរងគ្រោះបានស្រែកឲ្យគេជួយឃើញដូចនោះជនសង្ស័យបានបោះកាំបិតចោល រួចក៏បានរត់គេចខ្លួនទៅផ្ទះបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកនៅជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
...
ដោយ៖ ជ្រោយពេជ្រ