ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូបង្វឹក ៣៥នាក់មកពីក្លិបក្នុងរាជធានី និងខេត្ត ចំណុះឲ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានទទួលការបណ្តុះបណ្តាលវគ្គសិក្សា ជំនាញគ្រូបង្វឹកនិងការបណ្តុះបណ្តាល សម្រាប់កីឡាករកីឡាការិនីវ័យក្មេងពីគ្រូ ឧទ្ទេសជំនាញមកពីប្រទេសជប៉ុនផ្នែកកាយសម្ព័ន្ធរយៈពេល១៥ថៃ្ងនៅសាលកាយ សម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ។
លោក ណយ ផាន់ណា អគ្គលេខាធិការ និងជាគ្រូធំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល នេះបង្កើតឡើងក្នុងគោលបំណងបន្ថែម ការយល់ដឹងលើជំនាញនិងវិធីសាស្រ្តបង្វឹកកុមារតូចៗដល់គ្រូកីឡាកាយសម្ព័ន្ធកម្ពុជាពីសំណាក់គ្រូជនជាតិជប៉ុនដើម្បីបញ្ជៀស នូវបញ្ហាគ្រោះថ្នាក់ពេលធ្វើការហ្វឹកហាត់លើកុមារតូចៗ ។ លោកអគ្គលេខាធិការរូបនេះបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូឧទ្ទេសជនជាតិជប៉ុនថាជាគ្រូបង្ហាត់លំដាប់អូឡាំពិក ដូច្នេះលោកសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គសិក្សានេះទៅគ្រូកាយសម្ព័ន្ធកម្ពុជានឹងមានទុនបន្ថែមទៀតក្នុងការបង្វឹកហាត់យុវជនថ្នាលរៀងៗខ្លួន។ ជាងនេះទៅទៀតគ្រូ ឧទ្ទេសលោកមានគរុកោលច្បាស់លាស់ផ្នែកកីឡាកាយសម្ព័ន្ធហើយលោកសន្យាថា នៅចន្លោះខែធ្នូឆ្នាំ២០១៦លោកនឹងវិលមកធ្វើតេស្តសិក្ខាកាមដែលបានចូលរួមក្នុង វគ្គសិក្សានេះម្តងទៀត ដើម្បីឲ្យប្រាកដថា គ្រូកាយសម្ព័ន្ធកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បង្ហាត់កីឡាករកីឡាការិនីវ័យក្មេងប្រកបដោយគុណភាព ។
លោកគ្រូធំរូបនោះបានដាក់ក្តីសង្ឃឹមថា គ្រូដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះគឺជាទុនដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាលថ្នាលឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ វគ្គនេះពិតជាល្អសម្រាប់គ្រូទៅថៃ្ងអនាគត ព្រោះបានធ្វើឲ្យគាត់ទទួលបាននូវចំណេះដឹងថ្មីៗរួមជាមួយបទ ពិសោធន៍ និងបច្ចេកទេសបន្ថែមទៀត សម្រាប់ធ្វើការបង្វឹកដល់កីឡាករកីឡាកា រិនីវ័យក្មេងកម្ពុជា។
សូមបញ្ជាក់ថា គ្រូបង្វឹកជប៉ុនរូបនេះ មានឈ្មោះ ថាច់ស៊ី បាណា មានបទពិសោធន៍ជាមួយកីឡាកាយសម្ព័ន្ធជាង៣០ឆ្នាំ បច្ចុប្បន្នលោកជានាយកគ្រូកាយសម្ព័ន្ធ របស់ជប៉ុន និងជាសមាជិកគណៈកម្មាធិការអូឡាំពិកជប៉ុន។វគ្គសិក្សានេះគ្រោង បញ្ចប់នៅរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦ដោយគ្មានរៀបចំពិធីបិទអ្វីនោះទេ៕
ដោយ៖ សារីម