នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីសៀនឡុងបានបញ្ជាក់ថា សិង្ហបុរីនិងអូស្ត្រាលី បានបង្កើតចំណងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការទ្វេភាគីដោយមិនសំដៅទៅលើប្រទេសណាមួយនោះឡើយ។
អូស្ត្រាលីនិងសិង្ហបុរីកាលពីថ្ងៃទី១៣ខែតុលា បានចុះកិច្ចព្រមព្រៀងដោយក្នុងនោះសិង្ហបុរីត្រូវចំណាយប្រាក់បន្ថែម១,៧ ពាន់លានដុល្លារសម្រាប់ពង្រីកទីតាំងយោធា ដែលខ្លួនបានជួលនៅក្នុងរដ្ឋ Queensland សម្រាប់ទាហានសិង្ហបុរី១៤.០០០នាក់ធ្វើការហ្វឹកហាត់។ កិច្ចព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីសិង្ហបុរីទៅកាន់អូស្ត្រាលីរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ខែតុលា។
ចិនក៏បានបង្ហាញក្តីសង្ឃឹមថា អូស្ត្រាលី ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការនិយាយស្តីពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូង។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៣ ខែតុលា នាយករដ្ឋមន្ត្រី សិង្ហាបុរីលោក សី សៀនឡុង និងនាយក រដ្ឋមន្ត្រីអូស្ត្រាលីលោក Michael Turnbull បានឯកភាពគ្នាទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីជាដៃគូនៅក្នុងតំបន់ ហើយចិនមិនចាំបាច់ព្រួយបារម្ភអ្វីនោះឡើយ។
នាយករដ្ឋមន្ត្រី លី សៀនឡុង បញ្ជាក់ ថា «ខ្ញុំមិនដែលគិតថា សិង្ហបុរីនិងអូស្ត្រាលីរួមគ្នាក្លាយជាក្រុមប្រឆាំងចិន។ យើងជា មិត្តជិតស្និទ្ធ ហើយយើងមិនសហការគ្នា ដើម្បីប្រឆាំងប្រទេសណាឡើយ។
អូស្ត្រាលីជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់អាមេរិកជាប្រទេសដែលកំពុងតែមាន វិវាទនឹងគ្នាពីបញ្ហាសេរីភាពចរាចរណ៍នៅដែនសមុទ្រ»។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បញ្ជាក់ផងដែរថា វត្តមានរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺដើម្បីពង្រឹងសន្តិ សុខស្ថិរភាពក្នុងតំបន់ទាំងមូល។
មន្ត្រីស្ថានទូតចិននៅអូស្ត្រាលីមិនមានប្រតិកម្មអ្វីជុំវិញកិច្ចព្រមព្រៀងរវាងអូស្ត្រាលីនឹងសិង្ហបុរីនោះឡើយ ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងរវាងអូស្ត្រាលីនឹងអាមេរិកនាពេល កន្លងមកចិនបានថ្កោលទោសយ៉ាងខ្លាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី