ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា មកពីញុំអីនៅម្ដុំផ្សារទួលគោក រួចហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ បានពាក់កណ្ដាលផ្លូវត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងតាមមកពីក្រោយហើយធ្វើសកម្មភាពដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះនិងគំរាមបាញ់ រួចយកម៉ូតូ១គ្រឿងបានសម្រេច និងជនរងគ្រោះរបួសស្រាល។
ក្នុងករណីប្លន់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះប្រុសស្រី២នាក់ខាងលើ ទី១មានឈ្មោះអុឹម សេងងួន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរលក់ដូនអីវ៉ាន់ និងស្នាក់នៅម្ដុំផ្សារទួលគោកនិងជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FM.1948 ។ រីឯទី២មានឈ្មោះតូ ស្រីម៉ុច ភេទស្រី អាយុ២៤ឆ្នាំមុខរបររៀនកាត់ដេរ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ និងដោយជិះម៉ូតូម៉ាកZOOMER-X ពាក់ស្លាកលេខភ្នំពេញ1DE-5115 ដែលម៉ូតូជនសង្ស័យប្លន់បានសម្រេច ។
តាមសម្ដីជនរងគ្រោះប្រុសស្រី២នាក់ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ ពួកគាត់ទាំងពីរនាក់បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា ដោយមកពីញុំអីនៅម្ដុំផ្សារទួលគោក រួចមកពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញនៅម្ដុំកន្លែងកើតហេតុខាងលើ ដោយជិះបានពាក់កណ្ដាលផ្លូវក៏ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកCPX មិនចាំស្លាកលេខ បានឌុបគ្នាមកតាមក្រោយ រួចគៀរឲ្យឈប់ និងដកកាំភ្លើងខ្លីវាយក្បាលយុវជនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាម និងប្លន់យកម៉ូតូZOOMER-X ពីនារីជាសង្សាបានសម្រេច។
បន្ទាប់ពីកើតហេតុរួចមក ជនរងគ្រោះទាំងពីរនាក់នោះបានជិះម៉ូតូធូដេដែលនៅសល់១គ្រឿងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខសញ្ញា ៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ