ភ្នំពេញ៖ អតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាង សួន ភក្តី ហៅ អាណូ បានប្រកាស វិលមករកការងារសិល្បៈជាថ្មី ក្រោយបាត់មុខអស់ជិត១០ឆ្នាំ។ ការវិលចូលសិល្បៈជាថ្មីរបស់នាងត្រូវបានអ្នកជិតដិតលើកឡើងថា នាងរងសម្ពាធច្រើនពីរឿងស្នេហា ហើយការវិលរកឆ្នាំងចាស់វិញនេះគឺដើម្បីបន្លប់ទុក្ខស្នេហ៍ដែលប្រេះបែក។
កាលពី១០ឆ្នាំមុនវីជេអាណូរងពាក្យចចាមអារ៉ាមថា នាងត្រូវគេចាប់កោរសក់ ឆូតនឹងផ្លែឡាម ប៉ុន្តែនាងបានបង្ហាញខ្លួនដោយបើកចំហរដើម្បីជម្រះរឿងមិនល្អទាំងនេះ ហើយនាងក៏បានចាកចេញពីការងារសិល្បៈចាប់តាំងពីពេលនោះផងដែរ។ នាងបានធ្វើឲ្យអ្នកសិល្បៈ និងមហាជនមានការភ្ញាក់ផ្អើលក្រោយនាងបានបង្ហាញខ្លួនជាមួយនឹងការថតរូបបែបសិល្បៈជាមួយលោក ដៃគូចាស់លោក អេនឌីកាលពីថ្មីៗ។ ការបង្ហាញខ្លួនជាមួយនឹងការប្រកាសវិលរកសិល្បៈជាថ្មីបានបង្កើតឲ្យមានការភ្ញាក់ផ្អើលព្រោះតែ១០ឆ្នាំនេះនាងមិនដែលបង្ហាញវត្តមានទាល់តែសោះក្នុងអាជីពសិល្បៈ ។ តារាស្រីរូបនេះបញ្ជាក់ថា ដោយការស្រលាញ់សិល្បៈទើបនឹងហាក់ទៅមិនឆ្ងាយពីការងារនេះ ។
ប៉ុន្តែនៅពីក្រោយការវិលរកទ្រនុំចាស់នេះត្រូវបានគេទម្លាយថា ដោយសារស្នេហាជាមួយបុរសម្នាក់ជួបបញ្ហារហូតដល់ចែកផ្លូវគ្នាដើរ។ ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា VJ អាណូ វិលចូលសិល្បៈ បន្ទាប់ពីចំណងស្នេហ៍របស់នាង និងមន្ត្រីមានមុខមាត់ម្នាក់ បានដើរដល់ផ្លូវទាល់ ទើបសម្រេចចិត្តបែកពីគ្នាដោយសន្តិវិធី។ ប្រភពបន្តថា បច្ចុប្បន្ននាងមានកូនប្រុសម្នាក់ក្នុងបន្ទុក ប៉ុន្តែនាងព្យាយាមលាក់បាំងមិនរំលឹករឿងរ៉ាវឯកជនពិសេសរឿងគ្រួសារ។ ក្រោយបញ្ចប់ចំណងស្នេហ៍ខាងលើនាងបានប្រឹងប្រែងជាថ្មីទាំងការងារសិល្បៈ និងមុខជំនួញដែលបច្ចុប្បន្ននាងកំពុងដុតដៃដុតជើងនឹងជំនួយមួយចំនួនបូករួមទាំងការលក់បាយប្រអប់តាមអនឡាញជាដើម។ ប្រភពបន្តថា ប្រឹងប្រែងរកស៊ីនេះមិនមែនអាណូគ្មានទ្រព្យនៅជាប់នឹងខ្លួនទេ ប៉ុន្តែនាងចង់ពង្រឹងខ្លួនឯងមិនចង់ឲ្យអតីតស្វាមីមើលងាយ។ គេដឹងដែរថា អាណូឧស្សាហ៍ឡើងចុះប្រទេសថៃ ក្នុងបំណងសម្លឹងរកមុខរបរជំនួញណាមួយថ្មីបន្ថែមទៀតផងដែរ។ នៅពេលវិលត្រឡប់មកសិល្បៈវិញ កាលពីខែកក្កដា ឆ្នាំ២០១៦ នេះ អាណូ បាននិយាយថា នាងគ្មានស្វាមី ហើយការបាត់មុខរបស់នាង ដោយសារតែនាងទៅរស់នៅអាមេរិក។ ប៉ុន្តែមានការបញ្ជាក់ការបាត់មុខជិត១០ឆ្នាំនេះនាង បានសម្ងំរស់នៅខេត្តកំពង់ធំ ជាមួយសាច់ញាតិរបស់នាង និងបានមកនៅភ្នំពេញ បន្ទាប់ពីបែកពីស្វាមី កាលពីជាងមួយឆ្នាំមុន។
អាណូបញ្ជាក់ថា ក្រោយវិលមករកការងារសិល្បៈនេះនាងទទួលបានឱកាសការងារមួយចំនួនដូចជាការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងថតម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់សម្អាងការមួយចំនួននៅភ្នំពេញ ប៉ុន្តែនាងស្នើមិនធ្វើការបរិយាយរឿងស្នេហានោះទេ៕
ដោយ៖ វឌ្ឍនា