ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ អាជ្ញាធរខណ្ឌច្បារអំពៅបានបញ្ជូនគ្រឿងចក្រទៅធ្វើការជួសជុលផ្លូវបេតុង១ខ្សែដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ កន្លងមកផ្លូវនេះជាផ្លូវបេតុងតែដោយសាររថយន្តធន់ធ្ងន់បើកឆ្លងកាត់បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ។
សកម្មភាពជួសជុលផ្លូវ ដែលរងនូវការខូចខាតដោយសាររថយន្តធន់ធ្ងន់និងមួយផ្នែកបណ្តាលមកពីការស្ថាបនាគ្មានគុណភាពនេះបានធ្វើឡើង២ថ្ងៃជាប់គ្នា….ចាប់ផ្តើម ពីថ្ងៃទី១៥និងបញ្ចប់ការជួសជុលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយប្រើប្រាស់ ថ្មមិចចាក់កៀចំនុចដែលរងការខូចខាតធ្ងន់ធ្ងរ ដើម្បីសម្រួលការធ្វើចរាចរបណ្តោះអាសន្ន ។
លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចុះទៅពិនិត្យក្រុមការងារជួសជុលផ្លូវបានឲ្យដឹងថា ផ្លូវ១ខ្សែដែលកំពុងធ្វើការជួសជុលនេះជាផ្លូវលេខ៣៥១ តភ្ជាប់ពីភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ទៅកាន់ ភូមិតាង៉ូវក្រោម សង្កាត់និរោធ និងភ្ជាប់ទៅនាយកដ្ឋានប៉ាស្ព័រ ។ កន្លងមកផ្លូវនេះជាផ្លូវបេតុងស្ថាបនាតាំងពីសម័យ លោកគួច ចំរើន អតីតជា អភិបាលខណ្ឌមានជ័យ ។ ដោយសារតែការដឹកជញ្ជូនលើសទំងន់ ធ្វើឲ្យផ្លូវរងនូវការខូចខាតស្ទើរទាំងស្រុងពិបាកធ្វើដំណើរឆ្លងកាត់ទើបលោកអភិបាលខណ្ឌណែនាំឲ្យការិយាល័យជំនាញធ្វើការជួសជុល បណ្តោះអាសន្នដើម្បី សម្រួលចរាចរដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ។
លោកអភិបាលរងបន្តថា ការជួលជុលនេះមិនបានយូអង្វែងនោះទេ.. គឺគ្រាន់តែធ្វើបណ្តោះអាសន្ន ព្រោះផ្លូវ១ខ្សែងនេះស្ថិតក្នុងគម្រោងស្ថាបនារបស់សាលារាជធានីភ្នំពេញ ប្រហែលជានិងអាចចាប់ផ្តើមស្ថាបនានៅចុងឆ្នាំ២០១៦ ដើមឆ្នាំ២០១៧ ជា មួយគ្នានេះដែរ ការស្ថាបពរប្រព័ន្ធលូនិងចាប់ផ្តើមធ្វើនៅដើមឆ្នាំ២០១៧ ដើម្បីរំដោះទឹកជំនន់ដែលតែងតែកើតឡើងស្ទើរជារៀងរាល់ឆ្នាំបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ។ ដូច្នេះក្នុងចន្លោះពេលនេះរហូតទៅដល់ថ្ងៃបើកការដ្ឋានស្ថាបនាឡើងវិញនោះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរខណ្ឌក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវដែលកំពុងរងនូវការខូចខាត ៕
ដោយ៖ សណ្តោស



















