ភ្នំពេញ៖ ទីតាំងកត់កន្ទុុយលេខដុះស្លែជ្រកក្រោមស្លាកវេលុយយីហោ AMK ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់មនុស្សប្រុសស្រី៦នាក់ ក្នុងនោះមានអ្នកកត់ម្នាក់ កូនកញ្ច្រែងម្នាក់( អ្នកទទួលកត់បន្ត) និងអ្នកចូលចាក់ចំនួន៤នាក់ រកឃើញវត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នា២០១៦ ស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិកានគរបាលខណ្ឌសែនសុខដោយមានការសម្របសម្រួលពីលោកសេង ហ៊ាង ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រុសស្រី៦នាក់ដែលត្រូវបានឃាត់ខ្លួនទី១ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ កាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ ទី២មានឈ្មោះ លី ថារី ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកទទួលកត់បន្ត ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទី៣ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៤ឈ្មោះ សេង សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខ និងក្មេងស្រី២នាក់ទៀតត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញព្រោះជាអនិតិជន។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការបង្ក្រាបនោះដែរបានរកឃើញវត្ថុតាងមានដូចជា៖ ម៉ាសុីនព្រីន២គ្រឿង ម៉ូតូចំនួន៦គ្រឿង និងកន្ទុយសន្លឹកឆ្នោត លុយខ្មែរជាង១លានរៀល និងលុយដុល្លារមួយចំនួនទៀត។
បច្ចុប្បន្នអ្នកលេង រួមទាំងមេកន្ទុយលេខ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ដោយ៖ តុង សីហា


















