ខេត្តប៉ៃលិន៖ ជនសង្ស័យ៣នាក់ត្រួវបានសមត្ថកិច្ចចុះបង្ក្រាបចាប់ឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង២ និង៤១នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ដោយរិបអួសបានថ្នាំម៉ាទឹកកចំនួន៤កញ្ចាប់តូច រួមនិងវត្ថុតាងជក់មួយចំនួន ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ទី១ឈ្មោះ សំ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ទី២ឈ្មោះ ដួង សិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ ឈ្មោះ សូ អ៊ួក ភេទប្រុស អាយុ៣០ឆ្នាំ ទាំង៣នាក់រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបន្តថា ករណីខាងលើនេះ គឺដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជាឲ្យក្រុមការងារលោក អ៊ុំ សាឡន នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿញញៀន បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបចាប់ឃាត់បុរសសង្ស័យខាងលើ ដោយរិបអូសវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកកចំនួន៤កញ្ចប់តូច) ប្រដាប់ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងម៉ូតូចំនួន២គ្រឿងផងដែរ ។
បច្ចុប្បន្នបុរសទាំង៣នាក់ខាងលើ ត្រួវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់កាតទៅតាមនីតិវិធី ៕
ដោយ៖ ស សារ៉េត














