អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យបញ្ចប់បទល្មើសបៀតបៀនផ្លូវភេទដែល មិនមានទោសរយៈពេលកន្លងមកនៅក្នុងប្រទេសលីប៊ីរៀជាប្រទេសដែលមានស្ត្រី និងកុមារីរហូតដល់ទៅ៣៤ភាគរយរងការ រំលោភបំពានផ្លូវភេទ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិកុមារីដែលមានអាយុ៥ឆ្នាំគឺជា ជនរងគ្រោះនៅក្នុងការរំលោភបំពានផ្លូវ ភេទក្នុងប្រទេសលីប៊ីរៀ។
នៅក្នុងឆ្នាំ២០១៥ មានករណីចាប់រំលោភ ផ្លូវភេទរហូតដល់ទៅ៨០០ករណីក្នុងនោះមានតែ៣៤ករណីប៉ុណ្ណោះ បញ្ជូនទៅកាន់ តុលាការកាត់ទោស។ មន្ត្រីក្នុងប្រទេសនេះ បានឲ្យដឹងថា មានករណីរំលោភបំពានផ្លូវភេទជាច្រើនត្រូវបានលាក់បាំងដោយសារតែប្រកាន់ភេទ និងមុខមាត់គ្រួសារ។
តាមការប្រកាសរបស់ការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថា ការរំលោភបំពាន ផ្លូវភេទក្លាយជាបទល្មើសធំទីពីរនៅក្នុង ប្រទេសនេះ។ ក្រុមអ្នកស្រាវជ្រាវបានឲ្យ ដឹងថា យុត្តិធម៌នៅក្នុងប្រទេសនេះមិនត្រូវបានអនុវត្តឡើយដោយសារតែអំពើពុករលួយច្បាប់ធូររលុង។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា «កត្តាខាងលើគឺជាមូលហេតុបណ្តាលឲ្យមានបទល្មើសកាន់តែខ្លាំងឡើងដោយជនល្មើសមានលុយកាក់មុខមាត់ និងរួចផុតពី ទោស។ ស្ត្រីនិងកុមារីនៅទីនោះត្រូវរស់នៅ ដោយការភ័យខ្លាចទាំងនៅក្នុងផ្ទះនិងចេញ ទៅខាងក្រៅគឺគ្មានសុវត្ថិភាពឡើយ »។
គ្រួសារជនរងគ្រោះដែលរងការរំលោភ បំពានផ្លូវភេទ តែងតែទទួលរងគំនាបពី តុលាការឲ្យដោះស្រាយបញ្ហាលឿនបំផុត។ ជនល្មើសល្មោភកាមគឺជាអ្នកស្រុកភូមិទាំង នោះហើយធ្វើឲ្យជនរងគ្រោះភ័យខ្លាចត្រូវ សងសឹកវិញបើប្តឹងនឹងត្រូវអាម៉ាស់មុខខូចកេរ្តិ៍ឈ្មោះ ។
អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យមានប្រព័ន្ធតាមដានការវាយប្រហារ រំលោភបំពានផ្លូវភេទ និងការពារជនរងគ្រោះ ដើម្បីឲ្យជនរងគ្រោះអាចប្តឹងឡើងតុលាការ ចាប់ជនល្មើសកាត់ទោសតាមច្បាប់។ បើគ្មានការការពារទេនោះជនរងគ្រោះមិនហ៊ាន ប្តឹងនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី