ភ្នំពេញ៖ រថយន្តរបស់ប្អូនប្រុសពិធីការិនីទូរទស្សន៍CTNគឺ កញ្ញាជីជី ជួបគ្រោះថ្នាក់ចរាចរណ៍ខណៈបត់ចូលផ្ទះក្នុងល្បឿនលឿនមិនបើកភ្លើងសុីញ៉ូហើយត្រូវរថយន្តកូរ៉េដឹកទំនិញចាប់ហ្វ្រាំងអូសជាង១០ម៉ែត្រទៅបុកពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងខូតខាត តែមិនមានមនុស្សរងរបួសនោះទេ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ មុខច្រកចូលបុរីពិភពថ្មីផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន១គ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2X-3335ដែលគេដឹងថាជារថយន្តរបស់ប្អូនប្រុសកញ្ញា ជីជី ជាពិធីការិនីទូរទស្សន៍CTN បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តមិនបានបន្ថយល្បឿនទេក៏បត់ឆ្លងផ្លូវចូលផ្ទះក្នុងបុរីពិភពថ្មី ហើយពេលនោះក៏មានរថយន្តកូរ៉េដឹកទំនិញ១គ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ 1787 ភព2 បើកបរដោយបុរសចំណាស់ម្នាក់តាមផ្លូវហាណូយទិសដៅពីជើងទៅត្បូង(ត្រូវទិសដៅចរាចរណ៍) ក្នុងល្បឿនលឿនដូចគ្នាចាប់ហ្វ្រាំងអូសកង់ជាង១០ម៉ែត្រទៅបុកផ្ទប់និងរថយន្តហាយប្រ៊ីតរងការខូចខាតទ្វារផ្នែកខាងស្តាំធ្ងន់ធ្ងរ ចំណែករថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខដូចគ្នាតែសំណាងមិនមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ គេឃើញមានវត្តមានកញ្ញាជីជី ត្រូវជាបងស្រីខាងម្ចាស់រថយន្តហាយប្រ៊ីត និងបងប្អូនចេញមុខមកដោះស្រាយ សុំឲ្យខាងរថយន្តកូរ៉េចេញថ្លៃជួសជុលទាំងស្រុង ពោលគឺយករថយន្តទៅជួសជុលឲ្យដូចដើម ប៉ុន្តែអ្នកបើកបរថយន្តកូរ៉េបដិសេធ ព្រោះគាត់ជាកម្មករគេដែរគាត់គ្មានលទ្ធភាពឯណាសងទេ ហើយគាត់ក៏បានទាក់ទងទៅក្រុមហ៊ុនដើម្បីឲ្យតំណាងក្រុមហ៊ុនមកដោះស្រាយតែដោយសារការជជែកគ្នាឡើងតឹងសរសៃកនៅតែមិនត្រូវទើបសមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ តុង សីហា