អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ យកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ៥១គ្រួសារ នៅព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ចំនួន៥១គ្រួសារ នៅសហគមន៍ឆ្មាអើត ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ដើម្បីសម្រាលការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល ។

លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន : អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៤មឺនរៀលផងដែរ ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ លោក ញាណ ចាន់សោភា នាយករង, ចៅសង្កាត់ព្រែកថ្មី និងយុវជនខណ្ឌ ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដោយផ្ទាល់ចំនួន៥១គ្រួសារ ។

លោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដូច្នេះថា អនុវត្តតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហមខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយសង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាលការលំបាកដល់បងប្អូនដែលមានជីវភាពខ្វះខាត ទីទ័លក្រ ។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា ៕

sd5 sd8 sd6 sd2 sd9 sd7 sd3 sd1 sd4

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print