ភ្នំពេញ៖ នេះគឺជាលើកដំបូងហើយដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារីក្នុងរាជធានី ភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ទី២៩ ខែ តុលាទើបបញ្ចប់ការប្រកួត ។
នេះបើតាមការឲ្យដឹងពីលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយ កូនបាល់កម្ពុជាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដែលសហព័ន្ធរៀបចំការប្រកួតកីឡាវាយកូនបាល់កម្រឹតយុវជនអាយុក្រោម១៨ឆ្នាំដើម្បីរំលឹកដល់លោក ទេព ឃុនណា ឪពុករបស់លោកដែលជាកីឡាករវាយកូនបាល់របស់កម្ពុជា ។
លោក រិទ្ធីរិទ្ធ បាននិយាយថា មាន ប្រសាសន៍ថា មូលហេតុដែលនាំឲ្យយើងសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារីជំនួសព្រឹត្តិការណ៍អាយ ធី អេស មេនហ្វូឆ័រ (ITF Men’s Futures) ដែលតែង តែរៀបចំរាល់ឆ្នាំនោះ ព្រោះសហព័ន្ធចង់ ផ្លាស់ប្តូរដោយយើងផ្តោតអារម្មណ៍មកលើក្រុមយុវជនយុវនារីជំនួសវិញ ពីព្រោះពួកគេគឺកីឡាករកីឡាការិនីថ្នាលដ៏សំខាន់ស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍កីឡារបស់ក្រសួងអប់រំយុវជននិងកីឡាឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតនេះធ្វើឡើងស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ ITF Men’s Futures ដែរគឺមានកីឡាករកីឡាការីនីចូលរួមប្រកួត ប្រជែងមកពីជាងប្រទេស២០នៅជុំវិញពិភពលោក, ក្នុងនោះកីឡាករកីឡាការិនីភាគ ច្រើនមកពីតំបន់អាស៊ីអាគ្នេយ៍រួមមាន ថៃ, ហ្វីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, សិង្ហបុរី, ចិនតៃវ៉ាន់, សាធារណរដ្ឋប្រជាមានិតចិន, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េ, អាមេរិក, ស្វុីស, និងអូស្រ្តាលី ។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះ បានបញ្ជាក់ថា សម្រាប់កីឡាករកីឡាការិនីដែលឈ្នះក្នុងព្រឹត្តិការណ៍នេះគ្មានប្រាក់ រង្វាន់លើកទឹកចិត្តឡើយ គឺកីឡាករ កីឡាការិនីប្រកួតប្រជែងដើម្បីទទួលបានពិន្ទុ សម្រាប់ចំណាត់ថ្នាក់យុវជនរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITF តែ ប៉ុណ្ណោះ។ ឆ្នាំនេះយើងមានពេលវេលាល្អ ក្នុងការរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារីដោយសារតែ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាធ្លាប់បានបញ្ជូនក្រុមយុវជនចេញទៅប្រកួតជាច្រើនលើកច្រើនសាហើយម៉្យាងវិញទៀតស្របពេលដែលយើងមានធនធានថ្នាលអាយុក្រោម១៨ឆ្នាំគ្រប់គ្រាន់សម្រាប់ចូលរួម ប្រកួតប្រជែងជាមួយក្រុមយុវជនដទៃទៀតបាន។
សម្រាប់ព្រឹត្តិការណ៍នេះយើងបានត្រៀមយុវជនយុវនារីរេបស់យើងឲ្យចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជាជាលក្ខណៈ មិត្តភាពអន្តរជាតិរួមមានកីឡាករ ទេព ទីម៉ូថេ, ឈាង វណ្ណាសិទ្ធ, ឃ្លាំង ពន្លក, សែន សុផុន, ឡេង សារិនរាជ្យ និង សម ដេវីត ចំណែក កីឡាការិនី មាន ហូ ស្រីណុច និងហួរ ស្រី៕
ដោយ៖ សារីម