ខ្សឹបដាក់ត្រចៀក៖ អាងខ្នងក្មួយអ្នកធំមិនខ្លាចសាងសង់ស្ថានីយប្រេងឥន្ធនៈរំលោភផ្លូវសាធារណៈនិងខុសស្តង់ដារ?

ចែករំលែក៖

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ ស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌចំការមនកំពុងនាំគ្នាព្រួយបារម្ភខ្លាចមានហានិភ័យណាមួយកើត ឡើងនៅពេលអនាគត ព្រោះតែបានឃើញគេកំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈមួយនៅទីតាំងដីឡូត៍កែងផ្លូវពីរនេះ គ្រាដែលសាលារាជធានីភ្នំពេញបានហាមឃាត់មិនឲ្យពង្រីកស្ថានីយប្រេងឥន្ធនៈកណ្តាលទីក្រុងនោះ ។

ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថា មូលហេតុដែលស្ថានីយប្រេងឥន្ធនៈខាងលើនេះសាងសង់ឡើងបានរលូននោះគឺដោយសារមានកូនក្មួយអ្នកធំម្នាក់ជាអ្នករត់ការ ទោះបីដឹងថា នៅទីនោះប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងមានប្រតិកម្មនឹងការសាងសង់ស្ថានីយប្រេងនេះក៏ដោយ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះឮថា អាជ្ញាធរថ្នាក់ មូលដ្ឋានបានចុះហត្ថលេខាលើសំណុំឯកសារសុំច្បាប់សាងសង់បញ្ជូនទៅថ្នាក់លើរួចរាល់ហើយ ប៉ុន្តែមិនដឹងថាខាងក្រសួងពាក់ព័ន្ធឬក៏មន្ទីរជំនាញរួមជាមួយសាលារាជ ធានីភ្នំពេញកំណត់ច្បាប់ឱ្យសាងសង់កម្រិតណានោះឡើយ ។

ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាស្ថានីយប្រេងមួយកន្លែងនេះដែលទីតាំងមិន មានស្តង់ដារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសផង បែរជាត្រូវបានគេសាងសង់ឡើងយ៉ាងរំភើយយ៉ាងដូច្នេះ?

ក្រុមអ្នកបច្ចេកទេសបាននិយាយថា ទីតាំងស្ថានីយប្រេងឥន្ធនៈដែលកំពុងសាងសង់ ទាំងយប់ទាំងថ្ងៃជិតរួចរាល់ទៅហើយនោះមិនមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារបច្ចេក ទេសទេ ពោលគឺទីតាំងតូចចង្អៀត សង់រំលោភលើចំណីផ្លូវសាធារណៈបណ្តាលឲ្យ កកស្ទះចរាចរណ៍ ហើយអាជ្ញាធរមូលដ្ឋានបានត្រឹមតែសម្របសម្រួលមិនហ៊ានហាមឃាត់ទេ ព្រោះប៉ះសែស្រឡាយអ្នកធំ។ តើសែស្រឡាយអ្នកធំមួយណាទៅបានជាមាន ឥទ្ធិពលសាងសង់ស្ថានីយប្រេងឥន្ធនៈគ្មានស្តង់ដារសង់រំលោភចំណីផ្លូវសាធារណៈ និងមិនគិតពីហានិភ័យមកលើប្រជាពលរដ្ឋយ៉ាងនេះ?

បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋរស់នៅក្បែរនោះទទូចសុំឲ្យលោកអភិ បាលរាជធានីភ្នំពេញមេត្តាជួយពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងនេះឡើងវិញផង បើមិនដូច្នោះទេថ្ងៃក្រោយនឹងមានហានិភ័យមិនខាន ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print