ខេត្តកំពត៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កម្លាំងនគរបាលចរាចរក្រុង កំពតដឹកនាំដោយលោក ឆែម ហាក់ អធិការ រងនគរបាលក្រុងកំពតបានដឹកនាំកម្លាំង ចម្រុះស្ទាក់ឃាត់រថយន្តតួរីសមួយគ្រឿង ដែលផ្ទុកឈើអារគូបប្រគល់ឲ្យជំនាញ មេព្រៃ ។
លោក ឆែម ហាក់ អធិការរង នគរបាល ក្រុងកំពត និងជាអ្នកដឹកនាំបង្ក្រាបនេះ បានលើកឡើងថា ការឃាត់រថយន្តដឹក ឈើនេះ គឺធ្វើឡើងតាមការស្នើសុំរបស់ ជំនាញមេព្រៃ តាមរយៈលោកអធិការក៏ប៉ុន្តែមកដល់ទីកើតហេតុកន្លែងរថយន្តដឹក ឈើខុសច្បាប់នេះមិនឃើញមានវត្ត មានមន្ត្រីជំនាញមេព្រៃនៅចាំបញ្ជាទេ ហើយ លោកក៏មិនដឹងថាមូលហេតុអ្វីដែរ ។
តាមក្រុមប្រជាពលរដ្ឋដែលបានស្គាល់រថយន្តដឹកឈើនោះគេដឹងថាជារបស់ក្រុមយាយឆ្នាំង ពាក់ស្លាកលេខភ្នំពេញ 2D-2400 តែងតែបើកដឹកឈើឬអុសមកពីតំបន់ជើងភ្នំបូកគោនិងវាលរេញ ។
ប្រភពបន្តថា រថយន្តនេះគេតែងតែឃើញឈប់បង់លុយឲ្យសមត្ថកិច្ចគ្រប់គោលដៅពេលដែលដឹកឈើឬពេលខ្លះបង់មុន ពេលដឹកមកដល់ក៏មានហើយក៏មិនដឹងថាថ្ងៃនេះ មានរឿងអ្វីទេបានជារថយន្តមិន អាចដឹកឈើឆ្លងខេត្តបានដូចសព្វមួយ ដង ។ ប្រភពដដែលបន្តថាមុនពេលរថយន្តដឹកឈើរបស់យាយឆ្នាំងនេះត្រូវសមត្ថកិច្ចឃាត់គេឃើញមានមន្ត្រីមេព្រៃម្នាក់ជិះម៉ូតូដេញតាមរថយន្ត នេះហើយពេលរថយន្តឈប់ជជែកគ្នាពីរទៅបីម៉ាត់ជាមួយជំនាញ ក្រោយមកមន្ត្រីមេព្រៃពាក់ឯកសណ្ឋានស៊ីវិលនោះបានបត់ម៉ូតូទៅវិញ។ មួយសន្ទុះក្រោយមកក៏មានសមត្ថិច្ចចរាចរមកស្ទាក់ហើយបើករថយន្តនោះយកទៅដាក់នៅ ខណ្ឌរដ្ឋបាលព្រៃឈើតែម្តង ។
ទាក់ទងករណីនេះ អ្នកស្រី ឃឹម រ៉ន ហៅយាយឆ្នាំងជាឈ្មួញរកស៊ីឈើ និង អុស ដែលមានទីលំនៅភូមិ ដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្ត កំពតបានអះអាងទាំងទឹកភ្នែកថា រថយន្ត របស់អ្នកស្រីមិនដែលដឹកឈើខុសច្បាប់នោះទេគឺរាល់ថ្ងៃដឹកតែអុសប៉ុណ្ណោះ ។ តែ ថ្ងៃនេះ ទើបសាកល្បងមួយជើងមើលតែក៏មិនបានបង់លុយឲ្យសម្ថកិច្ចគ្រប់គោលដៅមិនគួរណាសមត្ថកិច្ចឃាត់សោះ ពួក គាត់ប្រាកដជាអស់មុខរបរធ្វើហើយ ។
ទាក់ទងករណីនេះលោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត មិនអាច សុំការអធិប្បាយអំពីដំណើររឿងនៃការ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ទាំងនេះឡើយ ដោយសារតែទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន ។
លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាល ព្រៃឈើកំពតបានមានប្រសាសថា នេះជា ការដឹកឈើខុសច្បាប់ ព្រោះគ្មានលិខិតអនុ ញ្ញាត។ តាមរយៈការសួរនាំនិងត្រួតពិនិត្យ រួចឈើដែលរថយន្តបានដឹកប្រភេទឈើលេខ៣សរុប១,១១៦ម៉ែត្រគូបហើយបច្ចុប្បន្នឈើនិងរថយន្តត្រូវបាន រឹបអូសទុកដើម្បីផាកពិន័យជាអន្តរកាល ។
បើទោះជាការឃាត់រថយន្តឈើខុស ច្បាប់របស់ក្រុមយាយឆ្នាំងនេះដើម្បីរួម ចំណែកទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយក៏រថយន្តនិងរ៉ឺម៉កឈ្មួញដទៃ ទៀត ដែលមានឈ្មោះយាយការ៉ូយាយ ធូយាយលិ យាយយ៉េង ម៉ែអាសុខ លោក ទូច លោកចក់ និងលោកហុីងនៅតែអាច បន្តរត់កាត់ក្រុងកំពត និងឈប់បង់លុយឲ្យសមត្ថកិច្ចគ្រប់គោលដៅទាំងយប់ទាំងថ្ងៃ កណ្តាលវាលតែម្តង ។ ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជំនាញមេព្រៃបូករួមទាំង ជំនាញបរិស្ថានផងនោះ មេត្តាគួរយកចិត្ត ទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើនេះ ទើប ជារឿងដែលល្អថែមទៀត កុំចាំតែមានពល រដ្ឋប្តឹងទើបជំនាញចាប់យកស្នាដៃនោះ ។
គួររំលឹកថាពាក់ព័ន្ធករណីបទល្មើសព្រៃឈើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោតនកម្មច្បាប់ថ្មី ស្តីពីការការពារនិងទប់ស្កាត់បទល្មើសព្រៃឈើគឺត្រូវតម្រូវឲ្យជំនាញពីរគ្រប់គ្រង គឺក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម ។ រីឯបទល្មើសព្រៃឈើកើត មានក្នុងដែនសមត្ថកិច្ចណា អាជ្ញាធរនិង សមត្ថកិច្ចជំនាញទីនោះជាអ្នកទទួលខុសត្រូវតែគេមិនដឹងថាមូលហេតុអ្វីបានជា ជំនាញបរិស្ថាន និងមេព្រៃក្នុងខេត្តកំពតមិន រវល់និងយកចិត្តទុកដាក់រឿងនេះបន្តិចសោះ ៕
ដោយ៖ សេនាស័ក្តិ