ខេត្តព្រះសីហនុ៖ បុរសជនជាតិអង់គ្លេសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករបងថ្ម កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចជិតបន្ទាយអាវុធហត្ថថ្មី ស្ថិតនៅក្រុម១៧ ភូមិ៥- សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ PHIL POWE ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរណ៍ មានប័ណ្ណសម្គាល់ខ្លួនលេខ ៥១៩៨២៩០៩៤ ស្នាក់នៅផ្ទះជួល ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះបានជិះម៉ូតូម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ។
តាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូដោយ មិនពាក់មួកសុវត្ថិភាព និងបើកក្នុងល្បឿនលឿន ខណៈភ្លៀងធ្លាក់ផងនោះ លុះដល់កន្លែងកើតហេតុ ជាចំណុចផ្លូវកោង ក៏ជ្រុលបុកនឹងរបងថ្មនៅខាងផ្លូវ បណ្តាលឲ្យស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចំាស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជាសម្រេច។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ៕
ដោយ៖ ឆ្លាមសមុទ្រ