ឈ្មួញសម្រុកដឹកឈើប្រណីតទាំងឡានៗយីឌុបទៅវៀតណាមតាមច្រកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្ត ត្រូវបានថបថយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាប និងចាប់បាន បញ្ជូនខ្លួនជនពាក់ព័ន្ធទៅចាត់ការតាមផ្លូវតុលាការ ។

ទន្ទឹមនឹងបទល្មើសព្រៃឈើនៅភូមិភាគឦសាន្ត ប្រភពច្បាស់ការបានបញ្ជាក់ថាឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើជាលក្ខណៈទ្រង់ទ្រាយធំបាននិងកំពុងកើតមាននៅខេត្តស្វាយរៀង ដែលជាចំណុចឆ្លងកាត់ចូលទៅប្រទេសវៀតណាម ហើយក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសុទ្ធតែប្រភេទរថយន្តយីឌុប មានជាសុក្រំមូល សុក្រំខ្នាត ធ្នង់មុខកាត់ធំៗ ឈើគ្រញូងជាមួយនឹងឈើក្រហមផងដែរ ក្នុងមួយថ្ងៃយ៉ាងតិចពី១៨ទៅ២០រថយន្តយីឌុបតាមច្រកយ៉ាងតិចចំនួន៥ក្នុងខេត្តស្វាយរៀង ។

ប្រភពឈើទាំងនោះត្រូវបានគេដឹកចេញពីតំបន់ព្រៃឡង់ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តព្រៃវែងបន្តឆ្លងទៅវៀតណាម ឆ្លងកាត់ខេត្តស្វាយរៀង ក្នុងនោះត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា ទី១ ឈើប្រណីត ត្រូវបានឆ្លងកាត់តាមច្រកសំរោង ច្រកបុសមន មានទាំងឈើប្រណីត សុក្រំខ្នាត សុក្រំមូល ធ្នង់ គ្រញូង ជាក់ស្តែងនាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ រថយន្តយីឌុបជាច្រើនគ្រឿងបានឆ្លងទៅប្រទេសវៀតណាមតាមច្រកនេះ ប្រកបដោយភាពរលូន បន្ទាប់ពីសមត្ថកិច្ចនៅទីនោះ ពិសេសអាជ្ញាធរពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍(បើកភ្លើងខៀវ) ។ ក្រៅពីច្រកទាំង២ខាងលើ មានច្រក ជាឫស្សី ការនាំឈើទៅវៀតណាម សុទ្ធតែប្រភេទឈើគ្រញូង ។ ចំពោះច្រក សំម័រ ចេញឈើក្រហម និងប្រើប្រភេទរថយន្តយីឌុបក្នុងការដឹកជញ្ជូន ។ ដោយឡែក ច្រកដូង ក៏មានចេញឈើក្រហមដូចគ្នា ប្រហាក់ប្រហែលទៅនឹងច្រកក្រសាំងជ្រុំ ដែលដឹកជញ្ជូនប្រភេទឈើក្រហមតាមផ្លូវទឹកនោះ ។

យ៉ាងតិចមានឈ្មួញ៤នាក់ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើលក្ខណៈទ្រង់ទ្រាយធំ ហើយបញ្ហារត់ការណ៍នេះ អាចធ្វើត្រឹមថ្នាក់ខេត្ត និងអាជ្ញាធរខាងក្រោមពាក់ព័ន្ធប៉ុណ្ណោះ មានដូចជាឈ្មួញ ១ ឈ្មោះ ស័ក្តិ ឈ្មោះ យី ឈ្មោះ ជា និងឈ្មោះ ភា ដែលនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ រថយន្តយីឌុបជាច្រើនគ្រឿងបានដឹកឈើឆ្លងទៅប្រទេសវៀតណាមប្រកបដោយភាពធូរលុង ។

អាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធគួរចាត់វិធានការចំពោះភាពគឃ្លើនរបស់ឈ្មួញទាំងនេះ ពិសេសអាចនឹងរកឃើញសមត្ថកិច្ច អាជ្ញាធរណាខ្លះកំពុងបំពានទៅនឹងការហាមឃាត់របស់រដ្ឋាភិបាល ហើយសម្ងំដេកទទូលភួយ សុទ្ធតែជាអំពើល្មើសច្បាប់ ។ ប្រភពបានបញ្ជាក់ថា នៅច្រកចាក់ក្រី ខេត្តព្រៃវែងឯណេះវិញ គឺឈ្មួញបានដឹកជញ្ជូនឈើស្ទើររាល់ពេលថ្ងៃ និងពេលយប់ ។ ប៉ុន្តែករណីនេះ ត្រូវបានអាជ្ញាធរខេត្តព្រៃវែងមានការរិតបន្តឹង បន្ទាប់ពីបែកធ្លាយថា សមត្ថកិច្ចជាច្រើនស្ថាប័នហែកប្រយោជន៍ចែកគ្នាមិនត្រូវ ក្នុងអំពើឃុបឃិតអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកចាក់ក្រី ។

សកម្មភាពឆ្លងឈើតាមច្រកចាក់ក្រី ត្រូវបានអាក់ខានយ៉ាងតិច២ថ្ងៃ ទើបនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ទាំងមន្ត្រីសាលាខេត្តទទួលបន្ទុកគ្រប់គ្រងច្រកព្រំដែន នគរបាលសេដ្ឋកិច្ចខេត្ត និងសមត្ថកិច្ចមួយចំនួនទៀត បានផ្តុំគ្នាជាក្រុមតាមជំនាញរៀងខ្លួន ឈរជើងនៅចំណុចរង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីឌឺដងដាក់គ្នា បើភាគីណាមួយឲ្យរថយន្តឈើឆ្លងកាត់ ភាគីផ្សេងទៀតនឹងចាប់ ប៉ុន្តែសកម្មភាពនេះ ក៏ធ្វើឲ្យក្រុមឈ្មួញវៀតណាមជ្រួលច្របល់ ទើបនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា មានថៅកែវៀតណាម យ៉ាងតិច៥នាក់ ក្នុងនោះមានថៅកែជាស្ត្រីម្នាក់ផងដែរ បានចូលខ្លួនមកចរចាជាមួយសមត្ថកិច្ច នគរបាលខេត្តព្រៃវែង និងខាងមន្ត្រីសាលាខេត្តទទួលការងារគ្រប់គ្រងច្រកព្រំដែន ដើម្បីរកដំណោះស្រាយ ទាំងតម្លៃថ្លៃថ្នូរ ទាំងការសម្របសម្រួល បញ្ហាផ្ទៃក្នុង គឺធ្វើយ៉ាងណាឲ្យច្រកចាក់ក្រី ត្រូវដំណើរការចរាចរណ៍ឈើល្មើសច្បាប់ដូចដើមវិញ ។ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្ត បែរជាសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនេះ បាននិងកំពុងកើតមានពេញបន្ទុកឆ្លងកាត់ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ឆ្លងទៅប្រទេសវៀតណាមដ៏គគ្រឹកគគ្រេង យ៉ាងតិចក្នុងមួយថ្ងៃមានចាប់ពី១៨ទៅ២០រថយន្តយីឌុបយ៉ាងគឃ្លើននឹងផ្លូវច្បាប់ដែលមានមុខសញ្ញាក្រុមឈ្មួញឈ្មោះ យី ឈ្មោះភាព ឈ្មោះ ជា និងឈ្មោះស័ក្តិ ដែលជាអ្នកយកលុយពីថៅកែវៀតណាមមករត់ការណ៍បើកផ្លូវដែលធ្វើឡើងចំណាយត្រឹមតែថ្នាក់ខេត្ត និងអាជ្ញាធរប៉ុណ្ណោះ ។

សកម្មភាពដឹកជញ្ជូនឈើទាំងនេះ បើទោះជាប្រើរថយន្តយីឌុបជាមធ្យោបាយដឹកជញ្ជូនក៏ដោយ ក៏ឈ្មួញឈើទាំងនោះ មិនញញើតសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាជំនាញរដ្ឋបាលព្រៃឈើ ខណៈត្រូវរ៉ូវគ្នា ព្រមទាំងអនុញ្ញាតឲ្យដឹកដោយលក្ខណៈចំហរ មិនមានការបិតបាំង ទាំងឈើសុក្រំមូល សុក្រំខ្នាត ថ្លង់ និងឈើប្រណីតធ្នង់ គ្រញូងនេះជាដើម ឆ្លងកាត់ស្ពានព្រែកតាមាក់ ឆ្លោះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀងដូចហែកឋិនទៅហើយ ៕

f770b029-f0d3-4d95-a41f-2f5bdc30ff43

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print