កម្លាំងការពារដែនសមុទ្រអីុតាលីបានប្រកាសឲ្យដឹងថា មានជនភៀសខ្លួនជាង ១.៤០០នាក់ព្យាយាមចូលទៅកាន់អឺរ៉ុបតាមរយៈដែនសមុទ្រមេឌីទែរ៉ាណេ ត្រូវបានជួយសង្គ្រោះផុតពីក្តីស្លាប់។
សារព័ត៌មាន AFP បានផ្សាយថា បើ ទោះបីមានអាកាសធាតុអាក្រក់ក្នុងរដូវធ្លាក់ភ្លៀងប៉ុន្តែជនភៀសខ្លួននៅតែប្រថុយជីវិតចូលទៅកាន់តំបន់អឺរ៉ុបតាមទូកតូចចង្អៀត។
ចាប់តាំងពីថ្ងៃអាទិត្យមកទល់ពេលនេះមានជនភៀសខ្លួនត្រូវបានជួយសង្គ្រោះមានជាង២.៤០០នាក់ នៅសមុទ្រលីប៊ី។ កម្លាំងឆ្មាំសមុទ្រអីុតាលីបានសហការជាមួយក្រុមជួយសង្គ្រោះបានជួយដល់ជនភៀសខ្លួនទាំងនោះ។
តាមតួលេខរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះមានជនភៀសខ្លួនចំនួន៣.៦៥៤នាក់បានឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេចូលទៅកាន់តំបន់អឺរ៉ុប។កន្លងមកទូកដឹកជនភៀសខ្លួនបានលិចក្នុងសមុទ្រមេឌីទែរ៉ាណេនៅក្នុងប្រទេសអេហ្ស៊ីបដោយមានជនភៀសខ្លួនជាង៤៥០នាក់។
មនុស្សប្រមាណ១៦៣នាក់ត្រូវបានជួយសង្គ្រោះឲ្យរួចពីស្លាប់។ ជនភៀសខ្លួន ដែលរួចផុតពីស្លាប់បានអះអាងថា កប៉ាល់ នោះដឹកមនុស្សច្រើនពេកទើបបានជាក្រឡាប់លិចទៅក្នុងទឹក។ យោងតាមកង ទ័ពអេហ្ស៊ីបក្នុងចំណោមជនភៀសខ្លួនដែលគេសង្គ្រោះឲ្យរួចជីវិតភាគច្រើនជាពលរដ្ឋអេហ្ស៊ីប តែក៏មានពលរដ្ឋស៊ូដង់ សូម៉ាលី និងស៊ីរីដែរ។
អេហ្ស៊ីបបានក្លាយជាទីកន្លែងដែលជនភៀសខ្លួនដៅយកដើម្បីធ្វើដំណើរចេញទៅទ្វីបអឺរ៉ុប។ ជនភៀសខ្លួនបានបង់លុយកាក់សន្ធឹកសន្ធាប់ដល់ឈ្មួញខុសច្បាប់ដើម្បីអាចឆ្លងសមុទ្រមេឌីទែរ៉ាណេបាន ។ តាំងពីកំឡុងដើមឆ្នាំមកក្រុមល្បាតឆ្នេរអេហ្ស៊ីបបានស្ទាក់ចាប់ទូកដឹកមនុស្សនិងបានជួយសង្គ្រោះមនុស្សរាប់រយនាក់ឯណោះ។
យោងតាមទីភ្នាក់ងារត្រួតពិនិត្យព្រំដែនអឺរ៉ុបហ្វ្រុងតិច ឆ្នាំ២០១៦នេះកប៉ាល់ឈ្មួញដឹកជនភៀសខ្លួនបានចេញពីអេហ្ស៊ីបឆ្លងសមុទ្របានប្រហែលជា១.០០០ជើង ហើយ។ ទីភ្នាក់ងារហ្វ្រុងតិចគូសបញ្ជាក់ទៀតថា តាំងពីគេបិទផ្លូវតំបន់បាល់កង់មិនឲ្យជនភៀសខ្លួនឆ្លងកាត់មក ជនភៀសខ្លួនបាននាំគ្នាចាប់ផ្តើមធ្វើដំណើរចេញពីឆ្នេរអាហ្វ្រិកខាងជើង ជាពិសេសចេញពីលីប៊ី ឆ្ពោះទៅអីុតាលីវិញ។
តាំងពីឆ្នាំ២០១៤មកជនភៀសខ្លួនជាង១ម៉ឺននាក់បានស្លាប់នៅសមុទ្រមេឌីទែររ៉ាណេគិតតាំងពីដើមឆ្នាំ២០១៦មកគឺមានជាង៣២០០នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី