ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃប្រព្រឹត្ត ទៅចំពោះការរៀបចំព្រឹត្តិការណ៍ “កីឡា ជាតិលើកទី១” ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់នោះក្រសូងអប់រំយុវជន និង កីឡាក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក្រួសួងការពារជាតិ និងគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាត្រូវរួមសហការគ្នា ធ្វើយ៉ាងណាតម្រូងទិសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់ដល់អ្នក សារព័ត៌មានក្នុងឱកាសដែលលោកបាន អញ្ជើញត្រួតពិនិត្យសកម្មភាពហាត់សមជាក់ស្តែងក្នុងទីលានបាល់ទាត់នៃពហុ កីឡដ្ឋានជាតិកាលពីយប់ថ្ងៃទី២៣ ខែ តុលាឆ្នាំ ២០១៦យ៉ាងដូច្នេះថា ថ្ងៃនេះមិន មែនជាការសម្តែងមែនទែនទេ ប៉ុន្តែជា ការហាត់សមសម្រាប់ការសម្តែងនាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ដែលយើងរំពឹងថានឹងបានល្អឥតខ្ចោះដោយមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពងខ្ពង់ ។
លោកប្រធានNOCCបានបន្តទៀតថា សម្រាប់ការហាត់សមសម្តែងខាងលើនេះយើងត្រូវការសម្រួលបន្ថែមទៀត ប្រសិនបើការហ្វឹកហាត់មិនទាន់ធ្វើបានល្អ១០០ភាគរយនោះទេ។ ការសម្តែងនេះទាមទារដាច់ខាតត្រូវតែល្អឥតខ្ចោះ ដូច្នេះគ្រប់ទម្រង់ផែនផ្ទាំងទស្សនីយភាពនីមួយៗចំបាច់ធ្វើឲ្យត្រូវតាមលក្ខណៈបច្ចេកទេសនិងការគ្រោងទុក។ ខ្ញុំជឿថា សកម្មភាពហាត់សម របស់ក្រុមសិល្បៈក្រុមកុមារល្បុក្កតោក្រុម កងយោធពលខេមរភូមិន្ទសម្តែងក្បាច់គុនល្បុក្កតោ ក្រុមត្រែទ័ព ក្រុមគរុសិស្សនៃសាលា អប់រំកាយនិងកីឡា ធ្វើបានល្អ ព្រោះយើង នៅសល់ប៉ុន្មានថ្ងៃទៀតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៧ខែតុលានិងថ្ងៃទី២៨ខែតុលាច្បាស់ជាសម្តែងបានល្អឥតខ្ចោះជាពុំខានឡើយ”។
ទន្ទឹមនឹងការរំពឹងទុកខាងលើនេះដែរ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមសិល្បៈនីមួយៗត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀតសំដៅធ្វើយ៉ាងណាឲ្យល្អតែម្តង ក្នុងនោះដែរ លោកក៏បានធ្វើការអំពាវនាវដល់សាធារណជន ពិសេសពលរដ្ឋខ្មែរគ្រប់រូបអញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍ កីឡាជាតិលើកទី១ដ៏អស្ចារ្យនេះឲ្យបានច្រើនកុះករពីព្រោះយើងពុំមានលក់សំបុត្រចូលទស្សនានោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិធ្វើឡើងតាមលំនាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដោយអនុវត្តចំនួន៤ដងរហូតដល់ឆ្នាំ២០២២ រាល់២ឆ្នាំម្តង៕
ដោយ៖ សារីម