ក្រុងប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ខ្លួនយុវជនម្នាក់ដែលបានចាក់ទៅលើយុវជនម្នាក់ឲ្យរបួសធ្ងន់ ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ករណីបង្ករបួសស្នាមដោយមានស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្បែរស្ថានីយប្រេង ម្តុំផ្លូវកើតពទ្រា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានចាប់ខ្លួននៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវចូលកាស៊ីណូស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនដៃដល់ដែលបង្ករបួសស្នាមត្រូវបានចាប់ខ្លួនឈ្មោះ ឡា ចន្នី អាយុ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ រីឯជនរងគ្រោះឈ្មោះឈិន ខារិន អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡា ចន្នីនេះ សមត្ថកិច្ចបានធ្វើឡើងនៅបន្ទាប់ពីជនរងគ្រោះឈ្មោះឈិន ខារិន បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ។
ដោយឡែកលោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់ឲ្យដឹងដែរថា តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើកាំបិតស្នៀតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះឈិន ខារិន នោះពិតមែន។ ការដែលជាចាក់ជនរងគ្រោះ ព្រោះជនរងគ្រោះបានកាកផ្លូវរបស់គេពេលដែលរូបគេចេញពីធ្វើការនៅកាស៊ីណូ នាំឲ្យមានការប្រតាយប្រតប់គ្នា ហើយពេលនោះខ្លួនគេក៏បានទាញកាំបិតក្នុងកាបូបស្ពាយទុកសម្រាប់ការពារខ្លួនចាក់ទៅជនរងគ្រោះតែម្តង។
លោកបានបន្តថា ផ្អែកតាមចម្លើយសារភាព និងយោងតាមការបំភ្លឺពីជនរងរបួសសមត្ថកិច្ចបានបញ្ជូនសំណុំរឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះទៅតុលាការ ដើម្បីចាត់ការបន្ត៕
ដោយ៖ វណ្ណា