ខេត្តកណ្តាល៖ ក្នុងគោលដៅការពារធនធានមច្ឆជាតិដែលកំពុងប្រឈមមុខនឹងការវិនាសហិនហោចដោយការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់កម្លាំងចម្រុះ មកពីស្ថាប័នរដ្ឋបាលជលផល កងរាជ អាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូស បានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោលនិងលែងកូនត្រីរាប់ម៉ឺនក្បាលចូលបឹងធម្មជាតិ ។
ប្រតិបត្តិបត្តិការលើផ្ទៃទឹកទ្រង់ទ្រាយធំនេះបានធ្វើឡើងចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅតំបន់អតីត ដែនឡូត៍ នេសាទលេខ៣-៤-៥-៦និងលេខ៧ មានភូមិសាស្ត្រ ជាប់ស្រុកចំនួន៤ គឺស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ រហូតដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៦ ជាលទ្ធផលក្រោយប្រតិបត្តិការកម្លាំងចម្រុះរឹបអូសបានឧបករណ៍ នេសាទខុសច្បាប់ជាច្រើនប្រភេទយកមក ដុតកម្ទេចចោលតែមិនមានការរារាំងពី កម្លាំងប្រជានេសាទមិនឲ្យរុះរើឧបករណ៍នេសាទនោះឡើយ ។
ប្រតិបត្តិការក្នុង សប្តាហ៍ទី៤ ខែតុលា ដើម្បីការពារធនធានមច្ឆជាតិនេះដែរ លោកកែសាវី នាយផ្នែករដ្ឋបាលជល ផល រកាកោងដែលគ្រប់គ្រងការងារជល ផល ចំនួន៥ស្រុករួមមានស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកល្វាឯម ស្រុកកៀន ស្វាយ និងស្រុកលើកដែកបានជួបគ្រោះ ថ្នាក់ ក្នុងហេតុការណ៍ចាក់សាំងដុតកម្ទេច ឧបករណ៍នេសាទខុសច្បាប់ត្រូវភ្លើងឆេះ រាលដាល ដល់ជើងម្ខាង ។ ក្នុងពេលប្រតិ បត្តិការចុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងធំល្វឹងល្វើយនេះដែរ ក្រុមការងារជា ច្រើនទូកទៀតបានបង្ខំចិត្តបើកទូកសំដៅទៅរកកន្លែងទីទួលសុវត្ថិភាពដើម្បីបញ្ចៀស ពីគ្រោះថ្នាក់ព្រោះស្ថានភាពធាតុអាកាសមិនអំណោយផលភ្លៀងលាយឡំខ្យល់កន្ត្រាក់ ។
លោកវិត ធារិទ្ធ នាយខណ្ឌរដ្ឋបាល ជលផលកណ្តាលបានឲ្យដឹងថា ជាលទ្ធ ផលដែលកម្លាំងចម្រុះបង្ក្រាបបានសម្រាប់ចុងខែតុលានេះ កម្លាំងជំនាញជលផលដោយមានកិច្ចសហការពីកម្លាំងគណៈ បញ្ជាការឯកភាពនៅតាមបណ្តាស្រុកពាក់ព័ន្ធបង្ក្រាបបានចំនួន៨ករណី រឹបអូសបាន សៃយ៉ឺនស្បៃមុងចំនួន២៣៧មាត់ របាំង ព្រួលស្បៃមុងចំនួន១៥,២៥០ម៉ែត្រ បង្គោល តូច-ធំចំនួន៨.២២៥ដើម ចាក់លែងកូន ត្រីចូលបឹងធម្មជាតិវិញជិត១តោនស្មើនិងរាប់លានក្បាល និងឧបករណ៍នេសាទ ខុសច្បាប់មួយចំនួនទៀត ។
ជាមួយគ្នានេះដែរសមត្ថកិច្ចជលផល បានអប់រំណែនាំនិងពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ដោយសារ ឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះ កំពុងបំផ្លាញធនធានមច្ឆាជាតិ និងសូមឲ្យ ពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចដើម្បីរួម គ្នាការពារធនធានមច្ឆាជាតិ ៕
ដោយ៖ សណ្តោស