ខេត្តឧត្តមានជ័យ៖ សព្វថ្ងៃនេះព្រៃការពារបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពមួយផ្នែកនៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យែត្រូវបានឈ្មួញកាត់អារឈើធ្វើអាជីវកម្មអនាធិបតេយ្យ ។ ដោយមិន មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ជាពិសេសបរិស្ថានអភិរក្សសត្វព្រៃគូលែនព្រហ្មទេពគ្រប់គ្រងដោយលោក ខេង សុជាតិ នោះឡើយ ។
ឈ្មួញដែលបានធ្វើសកម្មភាពកាត់ អារឈើធ្វើអាជីវកម្មត្រូវបានគេរាយការណ៍ថាបានអារនិងដឹកជញ្ជូនឈើតាមរទេះគោយ៉ាងសកម្មចេញពីចំណុចភ្នំពលជារៀង រាល់ថ្ងៃក្នុងមួយថ្ងៃ២០ទៅ៣០រទេះគោយកមកស្តុកនៅចំណុចទីតាំងយោធាវរៈ២៦២នៃកងពលតូចអន្តរាគមន៍លេខ៦ក្នុងភូមិ ថ្នល់កែងឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ឈ្មួញដែលបានប្រកបអាជីវកម្មបទល្មើសព្រៃឈើនៅក្នុងតំបន់ខាងលើត្រូវបានសមត្ថកិច្ចលួចបង្ហើបឲ្យដឹងថាមានចំនួន៧នាក់ ១-ឈ្មោះម៉ៅ ២-ឈ្មោះចន្ថា ៣- ឈ្មោះ ពៅ ៤-ឈ្មោះ រ៉ុង ៥-ឈ្មោះចែ ញ៉ ៦- ឈ្មោះ តាប៉ៃ លិន ៧-ឈ្មោះរ៉េត ។ ពួកឈ្មួញទាំង៧នាក់ខាងលើនេះហើយដែលធ្វើ សកម្មភាពប្រមូលទិញឈើក្នុងព្រៃដឹកតាមរទេះគោ មកលក់ឲ្យមេឈ្មួញធំចំនួន២នាក់ទី១-ឈ្មោះរឹត និងទី២-ឈ្មោះឆាយ ដែលបានដឹកជញ្ជូនមកលក់នៅតាមដេប៉ូឈើនៅឯខេត្តសៀមរាប ។
បើតាមការបង្ហើបឲ្យដឹងពីក្រុមឈ្មួញ ឲ្យដឹងថាអ្នកដែលធ្វើអាជីវកម្មនៅក្នុងព្រៃនេះបានលុះត្រាតែនិយាយត្រូវរ៉ូវជាមួយ កូនចៅលោកខេងសុជាតិនាយកបរិស្ថានដែនជម្រកសត្វព្រៃនៅទីនោះបើមិនដូច្នេះទេកុំថាឡើយដឹករទេះគោសូម្បីតែអារឈើនៅក្នុងព្រៃតែមួយង៉ោងមិនបានផងគឺចាប់ទាំងមនុស្សនិង ម៉ាស៊ីនអារឈើតែម្ដង ។
ជុំវិញករណីខាងលើនេះភ្នាក់ងារកាសែត នគរវត្តមិនអាចស្វែងរកកិច្ចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកខេងសុជាតិ កាល ពីថ្ងៃម្សិលមិញនេះ ៕
ដោយ៖ ហេង នរិន្ទ្រ