ភ្នំពេញ៖ កីឡាករចាស់វស្សា សៀង ង៉ុយ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ បានធ្វើឲ្យកីឡាករវ័យក្មេង ផាន ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡាបាក់ស្បាតក្នុង ពេលប្រកួត។ ចំណែកឯកីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ៧០បាន ប្រើស្នៀតជង្គង់ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់ទៅលើកកីឡាករ កុយ ចាន់ តូមកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមីរហូតដល់៨ទើបគេងក់ក្បាលបន្តការប្រកួតទាំងឈឺចុកចាប់តទៅទៀតនៅក្នុងជំនួបប្រកួតមិត្តភាពកាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦លើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
ចំពោះការប្រកួតរវាងកីឡាករ សៀង ង៉ុយ នឹងកីឡាករ ផាន ផាត់យុទ្ធដែលអ្នកទស្សនាអាចចាត់ទុកបានថា ជាការគំរាម កំហែងក្នុងពេលកំពុងប្រកួតនោះ គឺសៀង ង៉ុយ ហាក់បញ្ចេញចេតនាដោយប្រើកាយ វិការនិងអាកប្បកិរិយាមិនសមរម្យទៅលើដៃគូរបស់ខ្លួន គឺផាន ផាត់យុទ្ធ ដែលជាចេតនា ចង់បំបាក់ស្មារតីដៃគូនិងយកប្រៀបឈ្នះបើទោះជាគណៈកម្មការវិនិច្ឆ័យមិនទាន់ បានប្រកាសពីលទ្ធផលប្រកួតក៏ដោយ។ ការធ្វើបែបនេះហាក់បីដូចមិនគោរពច្បាប់ល្បែងប្រកួត ពីព្រោះ សៀង ង៉ុយហាក់ដឹងច្បាស់ថាខ្លួនមានប្រៀបគ្រប់បែបយ៉ាងក្នុងការវាយដណ្តើមជ័យជម្នះលើ ផាន ផាត់យុទ្ធ តាមរយៈខ្លួនជាកីឡាករចាស់វស្សាជាង ផាត់យុទ្ធ ដោយមានស្នៀតប្រដាល់ល្អ មានកាយសម្បាទារឹងមាំងជាងផាត់យុទ្ធជាដើម។ ជាមួយនឹងការផ្គូផ្គងកីឡាករឲ្យ ប្រកួតមិនបានពិចារណា ចំពោះគម្លាត សមត្ថភាពខាងលើនេះអ្នកទស្សនាបាន សម្តែងការសោកស្តាយយ៉ាងដូច្នេះថា តាមពិតទៅអ្នកផ្គូផ្គងកីឡាបែបនេះអាចធ្វើឲ្យ កីឡាករបាក់ទឹកចិត្តប្រសិនបើគូភាគីម្ខាងទៀតប្រើកម្លាំងវាយ១០០ភាគរយ គឺវាយ ប៉ះពាល់គ្រប់បែបយ៉ាង ព្រោះនេះគឺជា កីឡាប្រយុទ្ធមិនមែនសម្តែងទេបើធ្វេស ប្រហែសបន្តិច ផាន ផាត់យុទ្ធ អាចខូចអនាគត ក៏ថាបានដែរ ទាំងនេះអ្នកផ្គូផ្គងគួរគម្បី ពិចារណាឡើងវិញផង ។
គួររំលឹកថា សកម្មភាពនៃការប្រកួត របស់កីឡាករទាំង២នាក់ត្រូវបានគណៈ កម្មការដាក់ពិន្ទុផ្តល់ឲ្យ សៀង ង៉ុយ ឈ្នះ ផាន ផាត់យុទ្ធដោយពិន្ទុ ។
ចំណែកការប្រកួតរបស់កីឡាករ តាំង សីហា និង កុយ ចាន់តូ មានលក្ខណៈស្វិតស្វាញជក់ចិត្តអ្នកទស្សនាដោយសារតែអ្នកទាំង២នាក់មានសមត្ថភាពប្រហាក់ប្រហែលគ្នាចំណុចចន្លោះប្រហោងខ្លះៗដែលទាមទារឲ្យពួកគេខិតខំហ្វឹកហាត់បន្ថែមដូចជាកម្លាំងវាយមិនបាន៥ទឹកកាយសម្បទាហ្វឹកហាត់មិនដិតដល់ ។ ចំពោះខ្វះខាតខាង លើនេះហើយដែលធ្វើឲ្យកីឡាករម្នាក់ៗ បរាជ័យនៅលើសង្វៀនតួយ៉ាងដូចជា កីឡាករ កុយ ចាន់តូ កម្លាំងវាយចេញបាន ល្អ២ទឹកដំបូង ប៉ុន្តែចូលដល់ទឹកទី៣បានធ្លាក់បន្តិចជាហេតុធ្វើឲ្យគូភាគីមានឱកាសយកប្រៀបឈ្នះបានមធ្យោបាយផ្សេងៗ ដូចជាប្រើស្នៀតវាយកែង ទាត់ និងជង្គង់ បុកទៅលើក្បាលពោះជាដើម។ ទីបំផុត កីឡាករ តាំង សីហា រកចំណុចខ្សោយ កុយ ចាន់តូឃើញ ក៏ប្រើស្នៀតជង្គង់បុកទៅលើក្បាលពោះស្ទួនៗបណ្តាលឲ្យលោកអាជ្ញាកណ្តាល ហង់ ម៉ាក់ខេន រាប់ចំនួន៨ ម្តងទៅលើកីឡាករ កុយ ចាន់តូ។
ការរាប់ របស់លោកអាជ្ញាកណ្តាលទៅលើកីឡាករណាម្នាក់គេចាត់ទុកពិន្ទុស្មើនឹងកីឡាករនោះសន្លប់ ដូច្នេះកីឡាករគ្រប់រូបគួរមានការប្រុងប្រយ័ត្ន ចំណុចខាងលើនេះដើម្បីមានឱកាសវាយសងតាមស្មើពីន្ទុដៃគូប្រកួតវិញឬក៏អាចឈានទៅរកជ័យជម្នះក៏ថាបានដែរ។ ក្នុងទឹកទី៤និងទឹកទី៥កីឡាករទាំង២នាក់មានពិន្ទុប្រដំត្រសងគ្នា ប៉ុន្តែជាលទ្ធផលចុងក្រោយគណៈវិនិច្ឆ័យកាត់សេចក្តីឲ្យកីឡាករ តាំង សីហា ឈ្នះកីឡាករ កុយ ចាន់តូ ដោយពិន្ទុ៕
ដោយ៖ សារីម