អភិបាលខណ្ឌច្បារអំពៅចេញបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងពង្រឹងការងារសន្តិសុខ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួចមក លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបង្កើតគណៈកម្មាការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ហើយចេញបញ្ជាឲ្យក្រុមការងារទទួលបន្ទុកអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់មិនបន្ធូរដៃឡើយ និងត្រូវពង្រឹងការងារសន្តិសុខតាមគោលដៅនៅពិធីបុណ្យអំទូកខាងមុខ និយាយរួមត្រូវរួមគ្នាអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាព ។

ការចេញបញ្ជាឲ្យគណៈ បញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមាននៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកអភិបាលរង, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោក-លោកស្រីជាចៅសង្កាត់និងនាយប៉ុស្តិ៍ទាំង៨ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ដូច្នេះថា កន្លងមកលោកទទួលបានព័ត៌មានថា នៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ មានកន្លែងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនកន្លែង ដោយឡែកនៅតាមបណ្តាសង្កាត់ផ្សេងៗទៀតក៏មានដែរ ជាពិសេសកន្ទុយលេខតែម្តង វាស្ទើរតែក្លាយទៅជាល្បែងប្រពៃណីទៅហើយ ហើយទីតាំងបើកល្បែងហ្គែម កន្ទុយលេខនេះ មិនមែនអាជ្ញាធរ-សមត្ថកិច្ចមិនដឹងនោះទេ។ ចាប់ពីពេលនេះទៅក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ខ្ញុំសូមចេញបញ្ជាឲ្យ គណៈកម្មការទទួលបន្ទុកអនុវត្តការងារត្រូវបង្ក្រាបល្បែងស៊ីសង ល្បែងហ្គែមខុសច្បាប់ឲ្យមានប្រសិទ្ធភាព ទោះបីជាទីតាំងបើកល្បែងខុស ច្បាប់នោះមានខ្នងក្រាស់ប៉ុនណាក៏ដោយក៍មិនលើកលែងដែរ គឺមិនបន្ធូរដៃជាដាច់ខាត។ ដោយឡែកល្បែងស៊ីសងកន្ទុយលេខត្រូវហៅម្ចាស់ទីតាំងមកអប់រំឲ្យបញ្ឈប់ជាបន្ទាន់ បើមិនអនុវត្តតាមការណែនាំត្រូវតែឃាត់ខ្លួន ។

លោកអភិបាលខណ្ឌបានបន្តថា នៅពេលដ៏ខ្លីខាងមុខនេះ រាជធានីភ្នំពេញបានរៀបចំពិធីបុណ្យអំទូក អកអំបុក សំពៈព្រះខែ និងបុណ្យឯក រាជ្យជាតិ ដូច្នេះសូមក្រុមការងារនៅតាមគោលដៅផ្លូវជាតិលេខ១ , ផ្លូវលេខ១១០ និងក្រុមអន្តរាគមន៍ ត្រូវពង្រឹងសន្តិសុខសណ្តាប់សង្គមឲ្យបានប្រសើរឡើងថែមទៀត អនុវត្តការងារដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញ តំបន់សំណង់មិនរៀបរយ ។ និយាយរួមបញ្ហាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការងារចុះត្រួតពិនិត្យរដ្ឋបាលត្រូវធ្វើជាប្រចាំនៅគ្រប់មូលដ្ឋានសង្កាត់ ធ្វើឲ្យក្តៅ មិនបន្ធូយដៃឡើយ ៕

sondos-2 sondos-7 sondos-1 sondos-3 sondos-6 sondos-9

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print