ការដែលចិនបន្ធូរបន្ថយដកទាហានចេញ ពីប្រជុំកោះដែលមានវិវាទជាមួយហ្វុីលីពីន ដោយអនុញ្ញាតឲ្យអ្នកនេសាទហ្វុីលីពីន ចូលទៅនេសាទនៅតំបន់សមុទ្រប្រជុំកោះ Scarborouth ឡើងវិញនោះគឺជាជ័យជម្នះដំបូងរបស់ហ្វុីលីពីន និងអាមេរិកក្រោយ «លែងលះក្លែងក្លាយ»។
រឿងរ៉ាវពីការថ្លែងជេរប្រមាថខុសប្រក្រតី និងផ្លាស់ប្តូរគោលនយោបាយការបរទេសភ្លាមៗរបស់ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានធ្វើឲ្យមានការវាយ តម្លៃពីអំណាចអាមេរិកនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាក់ក្នុងសភាពមិនប្រាកដ ប្រជា។
ចាប់តាំងពីការចូលកាន់តំណែងរហូតមកទល់ពេលនេះប្រធានាធិបតី ឌុយទែរតេ បានបង្ហាញឲ្យសាធារណជនដឹងថា លោក មានទស្សនៈតឹងតែងជាមួយលោកខាង លិច ក្រោយពេលប្រកាសជាច្រើនលើកថា នឹងកាត់បន្ថយការអាស្រ័យទៅលើអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះលោកបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថដល់មេដឹកនាំអាមេរិក ហើយបែរជាទៅយកចិត្តចិន និង រុស្ស៊ី ដែលជាសត្រូវរបស់អាមេរិកទៅវិញ។
លោក ឌុយទែរតេ បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនមុនពេលមានជំនួបពិភាក្សាជាមួយប្រធានាធិបតី អូបាម៉ា។ ក្រោយដំណើរទស្សនកិច្ចនោះ លោក ឌុយទែរតេ បានប្រកាសថា មិនមាន គម្រោងទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះឡើយ។
មនុស្សជាច្រើនកំពុងតែសន្និដ្ឋានពី ដំណើររបស់មេដឹកនាំហ្វុីលីពីននៅពេល អនាគតអំពីផលប្រយោជន៍ជាតិក្រោយការ សម្រេចចិត្តចម្លែកៗរបស់លោក។ អ្នកឯក ទេសវិភាគរបស់សារព័ត៌មាន The Diplomat លោក Cal Wong បានលើកឡើងថា បើទោះបីបែបណាក្តីអ្វីដែលប្រធានាធិបតីហ្វុីលីពីនធ្វើនាពេលកន្លងមកកំពុងតែ មានប្រសិទ្ធភាពហើយទទួលបាននូវផលប្រយោជន៍ជាច្រើនលើសពីការស្មាន ពិសេស គឺវិវាទដែនសមុទ្រចិនភាគខាងត្បូង។ ទាំង នោះគឺជាយុទ្ធសាស្ត្រ «ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅរបស់លោក ឌុយទែរតេ» គ្រាន់តែ ចូលកៀកចិន ហើយជេរអាមេរិក ហ្វុីលីពីនទទួលបានមកវិញយ៉ាងច្រើនលើសពីការ រំពឹងទុក។
ក្រៅពីចិនដកទាហាននាវាយាមល្បាត ចេញពីតំបន់ដែលមានវិវាទទុកឲ្យហ្វុីលីពីន ចូលទៅកន្លែងដើមវិញ ចិនក៏បានផ្តល់ជំនួយ ជាច្រើនដល់រដ្ឋាភិបាលទីក្រុងម៉ានីលក្នុងនោះមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមាន ទឹងប្រាក់ជាង២០ពាន់លានដុល្លារ។
ក្រសួងការបរទេសចិនកាលពីថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា បណ្តានាវានេសាទ របស់ហ្វុីលីពីនអាចទៅនេសាទនៅតំបន់សមុទ្រជុំវិញប្រជុំកោះ Scarborough បាន វិញហើយដោយមិនមានការឆាឆៅណាមួយ ដូចកាលពីមុនទៀតឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាន បញ្ជាក់ថា ទីក្រុងប៉េកាំងបានរៀបចំលើ បញ្ហាខាងលើនៅតំបន់ដែលមានវិវាទដើម្បី បានផលប្រយោជន៍ទាំងអស់គ្នាពឹងផ្អែកទៅលើទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាង ចិននឹងហ្វុីលីពីនក្រោយពេលប្រធានាធិបតី ឌុយទែរតេ បានចងសម្ពន្ធមិត្តជាមួយចិនដោយលើកយកបញ្ហាវិវាទទៅម្ខាង។ ប្រជុំ កោះ Scarborough គឺជាតំបន់ដែលហ្វុីលីពីន និងចិនបានប្រកាសថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រៀងៗខ្លួន ហើយទីនោះនៅ តែមានវិវាទដដែល ប៉ុន្តែពេលនេះចិនទុកឲ្យហ្វុីលីពីនចូលទៅកៀកវិញក្រោយខកខានជាងពីរឆ្នាំដោយសារតែភាពតានតឹង និងការប្តឹងផ្តល់។
បើនិយាយអំពីផ្លូវច្បាប់ប្រជុំកោះទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វុីលីពីនស្របទៅតាមច្បាប់អន្តរជាតិស្តីពីច្បាប់សមុទ្រ។ ចាប់តាំងពីឆ្នាំ១៩៩៧មកហ្វុីលីពីនបានទាមទារប្រជុំកោះនោះមកវិញ។ ប៉ុន្តែនៅក្នុងខែមិថុនា ឆ្នាំ២០១២ ចិនបាន ដណ្តើមគ្រប់គ្រងប្រជុំកោះនោះដោយជោគ ជ័យពីដៃហ្វុីលីពីន ហើយមិនអនុញ្ញាតឲ្យនាវាយាមល្បាតរបស់ហ្វុីលីពីនចូលទៅទីនោះឡើយ។
នៅក្នុងការប្រកាសកាលពីចុងខែតុលាកន្លងមកកម្លាំងការពារដែនសមុទ្រហ្វុីលីពីន បានបញ្ជាក់ថា ពេលនេះមិនមានវត្តមាន របស់នាវាយាមល្បាតចិនទៀតឡើយក្នុងតំបន់ខាងលើហើយអ្នកនេសាទហ្វុីលីពីន អាចចូលទៅនេសាទនៅទីនោះបានដោយមិនមានការរារាំងណាមួយឡើយ។
រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោក Delfin Lorenzana បានប្រកាសឲ្យដឹងថា ពេលនេះមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់ នៅឡើយទេ។ តាមព័ត៌មាននាវាចិនស្ថិតនៅតំបន់ក្បែរទីនោះដដែលតែមិនរំខាន ដល់នាវាកប៉ាល់នេសាទរបស់ហ្វុីលីពីននោះឡើយ។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីហ្វុីលីពីនលោក Hermogenes Esperon បានប្រកាសឲ្យដឹងថា «មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានោះឡើយ ប៉ុន្តែការចូលទៅនេសាទរបស់ពល រដ្ឋហ្វុីលីពីនតាមប្រពៃណីត្រូវបានគោរពឡើងវិញពីប្រទេសចិន។
ចាប់តាំងពីចិនគ្រប់គ្រងប្រជុំកោះScarborough តាំងពីឆ្នំា២០១២ មកចិនបាន រារាំងអ្នកនេសាទហ្វុីលីពីនចូលទៅកៀកប្រជុំកោះខាងលើ។ មួយឆ្នាំក្រោយមក ប្រធានាធិបតីហ្វុីលីពីនពេលនោះលោក Benigno Aquino III ប្រើប្រាស់ប្រព័ន្ធច្បាប់ ប្តឹងចិនឡើងទៅកាន់តុលាការអាជ្ញាកណ្តាល អន្តរជាតិនៅទីក្រុងឡាអេ។ កាលពីខែ កក្កដាឆ្នាំ២០១៦ តុលាការក៏បានសម្រេច ឲ្យហ្វុីលីពីនឈ្នះក្តីលើចិន។ ប៉ុន្តែចិនដែលជាប្រទេសមហាអំណាចយោធាក្នុងតំបន់មិនចាកចេញពីប្រជុំកោះដែលមានវិវាទនោះឡើយបើទោះមានការថ្កោលទោសពីសហគមន៍អន្តរជាតិក្តី។
ក្រោយមកលោក ឌុយទែរតេ ជាប់ឆ្នោត ជាប្រធានាធិបតីហ្វុីលីពីន ហើយលោកក៏បានយល់យ៉ាងច្បាស់ពីទស្សនរបស់ចិន ដោយលោកធ្លាប់បានអះអាងថា ជីដូន ជីតារបស់លោកក៏ជាចិនដែរ។ ទាំងនោះ ហើយបានជាលោក ឌុយទែរតេ ប្រើប្រាស់ គោលនយោបាយ «ត្រជាក់ស៊ីជ្រៅ» ជា មួយចិន ហើយលទ្ធផលពិតជាបានដូច បំណង។
លោក Shishao Han អ្នកឯកទេស វិភាគរបស់បណ្តាញព័ត៌មាន China Focus បានបញ្ជាក់ថា ប្រធានាធិបតីហ្វុីលីពីនបានសម្រេចគោលនយោបាយការបរទេសដ៏ឆ្លាតវៃបំផុតដោយធ្វើឲ្យមានតុល្យភាពក្នុងទំនាក់ទំនងរវាងអាមេរិកនឹងចិន។ ហ្វុីលីពីន មិនអាចប្រៀបផ្ទឹមជាមួយចិននិងអាមេរិកបានឡើយ ប៉ុន្តែភូមិសាស្ត្រអំណោយផល ដូច្នេះហ្វុីលីពីនមិនត្រូវងាកទៅតែម្ខាងទេ ព្រោះអាចធ្វើឲ្យខ្លួនបាត់បង់ផលប្រយោជន៍ ជាតិជាច្រើន។
ប៉ុន្តែដំណើរនយោបាយរបស់លោក ឌុយទែរតេ មិនមែនមានន័យថា កិច្ចព្រម ព្រៀងរវាងអាមេរិកនិងហ្វុីលីពីនត្រូវបែកបាក់កាត់ផ្តាច់រហូតដើម្បីយកចិននោះឡើយ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ជប៉ុននាពេលកន្លងមកលោក ឌុយទែរតេ បានបញ្ជាក់ថា ពាក្យឃ្លាតពីអាមេរិករបស់ លោកគឺដើម្បីអនុវត្តសម្រាប់សេដ្ឋកិច្ចរបស់ ហ្វីលីពីនតែប៉ុណ្ណោះ មិនមែនកាត់ផ្តាច ទំនាក់ទំនងទាំងស្រុងនោះឡើយ។ ការ ប្រកាសបែបនោះរបស់លោកធ្វើឲ្យអ្នក វិភាគលើកឡើងថា នោះគ្រាន់តែជាយុទ្ធ សាស្ត្រ «លែងលះក្លែងក្លាយ» ដើម្បីផល ប្រយោជន៍តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី