ភ្នំពេញ៖ ប្រទេសកម្ពុជានឹងបង្កើតមុខមាត់ជាថ្មីលើឆាកអន្តរជាតិជាមួយនឹងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំកម្មវិធីព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៦ដែលមានបណ្តាប្រទេសចំនួន៤១ចូលរួម។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងវេទិកាសន្និសីទកាសែតនៅណាហ្គាវើលនៅសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ។
ព្រឹត្តិការណ៍នៃការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកានេះជាមួយនឹងការរៀបចំពីសំណាក់អ្នកជំនាញជាតិ និង អន្តរជាតិរួមគ្នាធ្វើឡើងដើម្បីប្រាកដថាកម្មវិធីដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជានេះកាន់តែអស្ចារ្យពិសេសគឺការលើកកម្ពស់កិត្យានុភាពមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។
លោក Tan Sri Datuk Danny Ooi អ្នកគ្រប់គ្រងកម្មវិធីនេះបានលើកឡើងថា លោកធ្លាប់បានធ្វើដំណើរមកកម្ពុជាជាច្រើនលើកច្រើនសាហើយបានស្គាល់ពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ហើយលោកនឹកគិតទៅដល់ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍នេះនៅកម្ពុជា។ លោកបញ្ជាក់ថាប្រទេសកម្ពុជាក៏ជាប្រទេសដែលស្រស់ស្អាតសម្បូរបែបដោយវប្បធម៌ហើយលោកចង់ឲ្យវប្បធម៌ដ៏ល្អនេះត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក។ លោកបញ្ជាក់ដែរថានៅថ្ងៃទី១១ខែវិច្ឆិកានេះកញ្ញាឯកតំណាងនៃប្រទេស នីមួយៗរួមទាំងកម្ពុជានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរនៃខេត្តសៀមរាបដើម្បីឲ្យពួកគេបានទស្សនា និងបានស្គាល់ពីសម្បត្តិវប្បធម៌ដ៏ល្អរបស់កម្ពុជា។ លោក លើកឡើងដែរថា បវរកញ្ញាតំណាងឲ្យ ប្រទេសចំនួន៤១បានមកដល់កម្ពុជាចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកាមកម្ល៉េះដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាក្រោមប្រធានបទ “កម្ពុជាព្រះរាជាណាចក្រអច្ឆ រិយៈ” បូករួមទាំងការងារសប្បុរសធម៌មួយចំនួនផងដែរ។ លោកបន្តថា ក្នុងរយៈពេលនៃការធ្វើដំណើរនេះពួកគេនឹងបានឈ្វេងយល់ពីគ្នាទៅវិញទៅមកមុនពេលការប្រកួតផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ នៅសណ្ឋាគារណាហ្គា វើលដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ។
សម្រាប់តំណែងបវរកញ្ញាតំណាងឲ្យកម្ពុជា គឺកញ្ញា ហង្ស ម៉ារីតា កម្ពស់១,៦៤ ម៉ែត្រ។ នេះជាវេទិកាទី១ ដែលមានការចាប់អារម្មណ៍នៅពាសពេញពិភពលោក ដោយបេក្ខនារីតំណាងប្រទេសនីមួយៗសុទ្ធតែបានពាំនាំនូវវប្បធម៌យ៉ាងសម្បូរបែបនៅលើវេទិកាអមដោយសម្លៀកបំពាក់ម៉ូដប្លែកៗតំណាងវប្បធម៌របស់ខ្លួនដើម្បីប្រកួត ប្រជែង។
បេក្ខនារីតំណាងប្រទេសនីមួយៗមិនមែនត្រឹមតែបង្អួតសម្រស់ប៉ុណ្ណោះទេតែក៏ត្រូវបង្ហាញចំណេះដឹងនិងជំនាញរៀងៗ ខ្លួនលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញអ្នកទេសចរពីការផ្សព្វ ផ្សាយរបស់បណ្ដាញសារព័ត៌មានធំៗ និងបង្ហាញពីមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ៕
ដោយ៖ វឌ្ឍនា