play

ចាប់ខ្លួនជនក្លែងFacebookប្រើឈ្មោះសម្តេចតេជោ និងអាះអាងខ្លួនជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី

nkd-36x6_outline

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ គឺជាបុគ្គលិក នៅ ស្ថាប័នមីក្រូហិរញ្ញវត្ថុ “បំណងប្រាថ្នា” ដែលបានក្លែង Facebook ដោយប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងបង្ហាញមុខជាសាធារណៈនៅក្នុងសន្និសីទកាសែត ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

នៅក្នុងសន្និសីទកាសែតលោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយក ដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន បានថ្លែងថា ជនសង្ស័យទី១ មានឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើត នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នជាបុគ្គលិកនៅ ស្ថាប័នមីក្រូហិរញ្ញវត្ថុ “បំណងប្រាថ្នា” ត្រូវបានចាប់ខ្លួននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងជនសង្ស័យទី២ ឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់ នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់បានបង្កើត Account Facebook ដោយប្រើឈ្មោះប្រមុខរាជរដ្ឋាភិបាល ដាក់ថា “សម្តេច ហ៊ុន សែន” ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ទៀតផង។ ពួកគេបានបង្ហាញខ្លឹមសារ ទាំងនេះនៅវេលាម៉ោង១១និង៣១ព្រឹកថ្ងៃ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

បន្ទាប់ពីមានការបង្ហោះក្លែង និងប្រើឈ្មោះសម្តេចនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សៀង សុខបានស្រាវជ្រាវ និងតាម ដានយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ឈួន សារុន ស្ថិតនៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រួចហើយបន្តចាប់ជន សង្ស័យម្នាក់ទៀត ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា ពាក់ព័ន្ធនឹងបទល្មើសវិញ គឺពួកគេត្រូវបានចោទប្រកាន់តាមមាត្រា ៦២៦ និងមាត្រា ៦២៩ ក្រោមបទចោទប្រកាន់ “ក្លែងបន្លំ ឯកសារសាធារណៈ” ដែលត្រូវផ្តន្ទាទោស ពី៥ទៅ១០ឆ្នាំ និងតាមបញត្តិ នៃក្រមព្រហ្ម ទណ្ឌមាត្រា៦៣០ ត្រូវបានចោទប្រកាន់ពី បទ “ប្រើប្រាស់ឯកសារក្លែង” ដែលត្រូវ ផ្តន្ទាទោសពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤ទៅ១០លានរៀល ។

ជាមួយគ្នានេះកម្លាំងជំនាញបាននិង កំពុងស្រាវជ្រាវតាមចាប់ជនដែលពាក់ព័ន្ធ ថែមទៀតនៅក្នុងបទល្មើសនេះ ។

ជនសង្ស័យទាំង២នាក់នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្រោយពេល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លង ដែនបំពេញសំណុំបែបបទចប់ ៕

fb-3 fb-4 fb-2 fb-1

ដោយ៖ សូរិយា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print