ភ្នំពេញ៖ ជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមបានធ្វើសកម្មភាពបាញ់ឡើងលើចំនួន៣គ្រាប់គំរាមប្លន់យកម៉ូតូឌ្រីមសងសេរីឆ្នាំ២០១៥ ពីបុរសម្នាក់ហើយគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ផ្ទុះអាវុធ៣គ្រាប់ប្លន់យកម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខវត្តនួនមន្នី តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតម៉ាកឌ្រីមសងសេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-6505 ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូជួនមិត្តភ័ក្តទៅផ្ទះនៅម្តុំផ្សារអូឬស្សី ហើយបានត្រលប់មកវិញដោយបំណងទៅផ្ទះវិញ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចមុខវត្តនួនមន្នីក៏បានបត់ចូលច្រកវត្តភ្លាមនោះក៏លេចមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក បានមកស្ទាក់ហើយបានដក់កាំភ្លើងពីចង្កោះ បាញ់ឡើងលើចំនួន៣គ្រាប់គំរាមមិនឲ្យស្រែកនិងយកម៉ូតូរួចគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែនិងរាយការណ៍សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមច្បាប់ ៕
ដោយ៖ ចាន់ធឿន