ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់បែកក្បាលចេញខួរក្នុងថ្លុកឈាម និងម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់ ដោយសាររថយន្តស៊ីនទ្រី បើកបុកម៉ូតូពីក្រោយ កាលពីវេលាម៉ោង១២ និង៥៥នាទីថ្ងៃត្រង់ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២១១ ម្តុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសម្ដីអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះដែលស្លាប់ឈ្មោះរិទិ្ធ មានអាយុ១៦ឆ្នាំ រៀននៅសាលាបាក់ទូក ផ្ទះម្ដុំផ្សារដេប៉ូ និងម្នាក់ទៀតឈ្មោះពេជ្រ ប៊ុនឃាន អាយុ១៨ឆ្នាំ រៀននៅសាលាបាក់ទូក ផ្ទះនៅម្តុំខណ្ឌដង្កោ ជិះម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FK-3023 មានគ្នា២នាក់តាមបណ្តោយផ្លូវ២១១ ស្រាប់តែមានរថយន្តស៊ីនទ្រី ដឹកសំរាម ពណ៌លឿង បានបើកមកពីក្រោយរួចក៏បុកពេញទំហឹងបណ្តាលឲ្យម៉ូតូជនរងគ្រោះ២នាក់ ជ្រុលទៅបុករថយន្តឡិចស៊ីសRX300 ដែលនៅក្បែរនោះ។
ប្រភពខាងលើបន្តថា ក្រោយមករថយន្តស៊ីនទ្រីដឹកសំរាមជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលកិនក្មេងប្រុសម្នាក់បែកក្បាលចេញខួរស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់។
ក្រោយពីបង្កហេតុអ្នកបើកបត្រូវបានសមត្ថកិច្ចឃាត់យកទៅសាកសួរ៕
ដោយ៖ ស រស្មី