ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដេញតាមចាប់ ក្នុងពេលដែលជនសង្ស័យបានព្យាយាមរត់គេចពីសមត្ថកិច្ច ក្នុងពេលដែលកំពុងដើរល្បាតការពារសន្តិសុខនៅមូលដ្ឋាន កាលពីវេលាម៉ោងវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចបេនរ៉ឺម៉កក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននេះម្នាក់ឈ្មោះសេង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀត ឈ្មោះផាក រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញមានលុយ៩២ម៉ឺនរៀលទូរស័ព្ទ២គ្រឿង ម៉ូតូ១គ្រឿង(ម៉ាកហុងដា សេ១២៥ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាតនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង នៅពេលល្បាតដល់ចំណុច បេនរ៉ឺម៉ក ស្រាប់ឃើញជនសង្ស័យ២នាក់នេះ ប្រញ៉ាប់ប្រញ៉ាល់ធ្វើការរត់គេចពីសមត្ថកិច្ច ក្នុងពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ដេញតាមឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីយកមកធ្វើការសួរនាំ ។
សមត្ថកិច្ចបានឲ្យដឹងទៀត ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនបានលួចលុយរបស់បងប្អូនគេនៅឃុំពង្រ ស្រុករលាប្អៀរ រួចគេចខ្លួនមកចូលក្នុងក្រុងកំពង់ឆ្នាំងនេះតែម្តង ហើយពេលដែលឃើញសមត្ថកិច្ចពួកគេភ័យខ្លាច ក៏រត់ហើយត្រូវចាប់បានតែម្តង ។
នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា