ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់៖ កម្ពុជា ទទួលបានក្រុមអ្នកជំនាញហាឡាលម៉ាឡេស៊ី របស់ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC ដែលដឹកនាំដោយ Datuk Seri Rizuan Abdul Hamid ជាអគ្គនាយក បានធ្វើបទបង្ហាញជំហានបឋម ដើម្បីចែករំលែកបទ ពិសោធន៍ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលនៅកម្ពុជា (គណៈកម្មាធិការត្រួតពិនិត្យសាច់គោ ) ក្នុងការត្រៀមរៀប ចំផែនការគម្រោងសម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលនៅ កម្ពុជានាឆ្នាំ២០១៧ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលនៅកម្ពុជា កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំឲ្យកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីម៉ាឡេស៊ីហើយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហ៍កម្មម៉ាឡេស៊ី។ បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នារវាងភាគីទាំងពីរក្នុងពេលកន្លងមកនេះ នៅថ្ងៃនេះ ភាគីម៉ាឡេស៊ីក៏បាននាំយកនូវបទពិសោធន៍មកបង្ហាញដល់ភាគីកម្ពុជានូវបច្ចេកទេស និងសេចក្តីព្រាងផែនការមកបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សាថា តើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុងចំណោមឧស្សាហ៍កម្មហាឡាលដែលមានជាច្រើនផ្នែកដូចជា ម្ហូប អាហារ សម្លៀកបំពាក់ របស់របរ ប្រើប្រាស់ ផ្សេងៗ សម្រាប់សហគមន៍នៅកម្ពុជា ។ ក្រៅពីការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេស ក្រុមហ៊ុន HDC ក៏នឹងត្រៀមសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលនៅកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិតរវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធានីភ្នំពេញ។
សិក្ខាសាលា នេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកំពស់វិស័យហាឡាល កម្ពុជាឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណសម្បត្តិរបស់វិស័យនេះទៅកាន់គ្រប់ស្ថាប័នអ្នកវិនិយោគ និងអតិថិជនក៏ដូចជាអ្នកប្រើប្រាស់ឲ្យយល់ដឹងកាន់តែស៊ីជម្រៅពីគុណតម្លៃនៃផលិតផលដែលមានស្តង់ដារហាឡាល ជាស្តង់ដារគ្រប់គ្រងទៅលើផលិតផលប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌលក្ខខន្តិកៈរបស់សហគមន៍ឥស្លាម ហើយក៏កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កម្ពុជានឹងអាចរកចំណូលបន្ថែមពីឧស្សាហ៍កម្មហាឡាលនេះហើយថា នេះគឺជាជំហ៊ានទីមួយក្នុងការរៀបចំបច្ចេកទេសអភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា បន្ទាប់ពីយើងបានសិក្សាស្វែងយល់ពីបណ្តាប្រទេសជាច្រើន។
បន្ថែមពីនេះទៀត នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) (លក្ខខណ្ឌ័ ម្ហូបអាហារ) នឹងជួយយើងលើការរៀបចំផ្នែកស្តង់ដារ ហាឡាល ដែលគោរពទៅតាមលក្ខខណ្ឌជាច្រើន ដើម្បីឲ្យប្រទេសនានាលើសកលលោកទទួលស្គាល់។ ក្រៅពីនេះភាគីថៃក៏កំពុងបើកភ្លើងខៀវរង់ចាំផ្តល់ជំនួយធនធាននិងបច្ចេកទេសផ្សេងៗទៀតឲ្យកម្ពុជាផងដែរ ៕
...
ដោយ៖ សំរិត