កក្រើកភ្នំពេញនិងសៀមរាប រឿង”កំណត់ហេតុនាងនាថ”ត្រឹម៣ថ្ងៃមានអ្នកទស្សនាជាង៤ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះចំនួនអ្នកចូលទស្សនាខ្សែភាពយន្តខ្មែររឿង ”កំណត់ហេតុនាងនាថ” មានចំនួនរហូតដល់ជាង៤ម៉ឺននាក់។ តួលេខហក់ខ្ពស់នេះនឹងបន្តកើនឡើងទៀត ហើយគេរំពឹងថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាក្នុងការស្វែងរកចំណូលនិងអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ។

មានអ្នកទស្សនាកកកុញខ្លាំងនៅគ្រប់រោងកុនទំនើបៗនៅភ្នំពេញ និងខេត្តសៀមរាប ព្រោះតែខ្សែភាពយន្តនេះត្រូវបានអ្នកទស្សនាពីម្នាក់ទៅម្នាក់សរសើរមិនដាច់ពីមាត់។ ខ្សែភាពយន្តទី១របស់ផលិតកម្ម ឥន្ទ្រានិម្មិត នេះសម្ពោធប្រកាសចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២២ខែវិច្ឆិកានេះ ហើយចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញ និងខេត្តសៀមរាប។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផលិតកម្មខាងលើបានបញ្ជាក់ថា ក្នុងមួយថ្ងៃមានអ្នកទស្សនាប្រមាណជាងមួយម៉ឺននាក់ ហើយបើធ្វើការបូកសរុបទាំង៣ថ្ងៃមកនេះមានអ្នកទស្សនារហូតដល់ជាង៤ម៉ឺននាក់ហើយ។

អ្នកស្រី ចាន់ ណាសុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិត បានលើកឡើងថា ចំនួនអ្នកចូលទស្សនាបានច្រើនជាងការរំពឹងទុក។ អ្នកស្រីលើកឡើងថា ថ្ងៃដំបូងបូកសរុបចំនួនអ្នកទស្សនាជាងមួយម៉ឺននាក់ ហើយចំនួននេះបានកើនឡើងនៅថ្ងៃចុងសប្តាហ៍នេះដែលចំនួននៃការកក់សំបុត្រទុកមុនគឺមានចំនួនច្រើនដែលរោងភាពយន្តខ្លះពេញស្ទើរគ្រប់ម៉ោង បើទោះបីជារោងភាពយន្តខ្លះដាក់បញ្ចាំងពីររោងព្រមគ្នាជាមួយនឹងការចាក់បញ្ចាំងមិនក្រោម៦លើកក្នុងមួយថ្ងៃក្តី។ អ្នកស្រីបន្តថា អ្នកស្រីពិតជារំភើបរីករាយនឹងការគាំទ្រខ្សែភាពយន្តខ្មែរដែលផលិតដោយអ្នកនិពន្ធ និងដឹកនាំវ័យក្មេងរបស់កម្ពុជា។ អ្នកស្រីលើកឡើងថា អ្វីដែលនាំឲ្យរឿង”កំណត់ហេតុនាងនាថ”ទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះតែខ្សែភាពយន្តជា ខ្សែភាពយន្តដែលមានគុណភាព ដោយមានគ្រប់រស់ជាតិទាំង កំប្លែង ភ័យ រន្ធត់ កំសត់ជាមួយនឹងទិដ្ឋភាពទេសភាព និងការច្នៃប្រឌិតខ្ពស់របស់ផលិតករ ដើម្បីប្រាកដថាខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តថ្មីមានគ្រប់រស់ជាតិ។

អ្នកស្រីមិនទាន់ប្រាកដនៅឡើយទេថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាប្រចាំឆ្នាំជាខ្សែភាពយន្តដែលអាចរកចំណូលបានច្រើនជាងគេឬយ៉ាងណា គឺត្រូវនៅរងចាំបន្តិចសិន ហើយប្រសិនបើចំនួននៃអ្នកចូលទស្សនានៅតែមានចំនួនច្រើនភាពយន្តនេះនឹងបន្តពន្យាពេលចាក់បញ្ចាំងឲ្យបានកាន់តែយូរថ្ងៃផងដែរ។ អ្វីដែលធ្វើឲ្យអ្នកស្រីកាន់តែរំភើបគឺមិនត្រឹមតែមានអ្នកទស្សនាក្នុងស្រុកទេ សូម្បីតែអាណិកជនខ្មែរមួយចំនួនក៏បានជិះយន្តហោះមកកម្ពុជាព្រោះតែចង់ចូលទស្សនាខ្សែភាពយន្តនេះផងដែរ។ អ្នកស្រីថា នេះគឺជាកម្លាំងចិត្តសម្រាប់ផលិតកម្ម ផលិតករ និងសិល្បករខ្មែរដែលព្យាយាមរកអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”ត្រូវបានចាប់ផ្តើមផលិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៦ ក្រោមការចំណាយទុនប្រមាណ៧ម៉ឺនដុល្លារ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះមានកញ្ញា ណាតាហ្សា លោកប៉ែន សុភរិទ្ធិ  លោកទេពរិន្ទ ដារ៉ូ ក្រុមតារាចម្រៀង D5net លោកភី ម៉ៃ ទ្រី លោកទ្រី តារាវុធ កញ្ញាយ៉ែម ស្រីពេជ្រ អ្នកនាងប៉ោង ប៉ោង លោកអ៊ុក សុភរិទ្ធិ និងតារាប្រុសស្រីជាច្រើនរូបទៀត៕

neangneat-7neangneat-18 neangneat-15 neangneat-14 neangneat-13 neangneat-17 neangneat-16 neangneat-12 neangneat-11 neangneat-10 neangneat-9 neangneat-8 neangneat-7neangneat-4 neangneat-6 neangneat-5 neangneat-2 neangneat-3 neangneat-1

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print