នៅក្នុងយុទ្ធនាការវាយប្រហាររំដោះ ទីក្រុងអាឡែបប៉ូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កម្លាំងទាហានរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់ កាំជ្រួចមីស៊ីល Tochka –U វាយប្រហារទៅ លើក្រុមឧទ្ទាម។
រុស្ស៊ីក៏បានបញ្ជាក់ថា ស៊ីរីពិតជាបានប្រើប្រាស់មីស៊ីលខាងលើ តែមិនមែនជាការ ប្រើប្រាស់លើកទីមួយឡើយ។ កាលពីឆ្នាំ២០១៤កាំជ្រួចមីស៊ីលនេះក៏ធ្លាប់បានប្រើប្រាស់នៅក្នុងប្រទេស៊ីរីដែរក្នុងការវាយ ប្រហារលើក្រុមភេរវកម្ម។
ការវាយប្រហារកាលពីដើមឆ្នាំ២០១៦កាំជ្រួចមីស៊ីល Tochka-U បានសម្លាប់ក្រុម ភេរវកម្មបាន២០នាក់ និងរបួសជាង៣០ នាក់ និងរថយន្តជាច្រើនទៀតរបស់ក្រុម ភេរវកម្មត្រូវបានបំផ្លាញ។ កាំជ្រួចមីស៊ីលខាងលើបាញ់បានចម្ងាយ៧០គីឡូម៉ែត្រ ដែលជាអាវុធដ៏ល្បីកាលពីសម័យសង្គ្រាមត្រជាក់។
នៅពេលនេះកម្លាំងទាហានស៊ីរីបាន គ្រប់គ្រងទាំងស្រុងនៅតំបន់ភាគខាងជើងទីក្រុងអាឡែបប៉ូដែលជាក្តីសង្ឃឹមរបស់ រដ្ឋាភិបាលស៊ីរីក្នុងការគ្រប់គ្រងនៅទីនោះឡើងវិញ។ ការបញ្ចេញកាំជ្រួចមីស៊ីលវាយ ប្រហារនោះនឹងធ្វើឲ្យទាហានរដ្ឋាភិបាលស៊ីរីទទួលបានជ័យជម្នះក្នុងពេលឆាប់ៗខាង មុខ។
ប៉ុន្តែសកម្មភាពវាយប្រហារបែបនេះ នឹងធ្វើឲ្យពលរដ្ឋស្លូតត្រង់ស្លាប់កាន់តែច្រើន ថែមទៀត និងការបំផ្លាញក៏កាន់តែខ្លាំង។
ក្រុមអ្នកវិភាគបានលើកឡើងថា បើទោះបីរដ្ឋាភិបាលស៊ីរីគ្រប់គ្រងទាំងស្រុង ក៏មិនអាចបញ្ចប់សង្គ្រាមស៊ីវិលនោះដែរ។ ក្រុមភេរវកម្មនឹងបង្កើនការវាយប្រហារ សម្លាប់មនុស្សបង្កអសន្តិសុខជារៀងរហូតលុះត្រាណាលោក អាល់អាសាដ ចុះចេញ ពីតំណែង។
រដ្ឋាភិបាលបារាំងបានសំដែងការបារម្ភ និងខ្វល់ខ្វាយពីហិង្សានៅអាឡិបប្រទេស ស៊ីរី ខណៈកងទ័ពស៊ីរីបានទទួលជោគជ័យ ដោយកាន់កាប់យកបានសង្កាត់ទាំងអស់នៅភាគខាងជើងក្រុងអាឡិបពីក្រុមឧទ្ទាម។ ដើមខែធ្នូនេះបារាំងរៀបចំកិច្ចប្រជុំប្រទេសគាំទ្រក្រុមប្រឆាំងស៊ីរីដើម្បីរកដំណោះ ស្រាយចំពោះមុខ។ បារាំងលើកឡើងថា ហិង្សាប៉ុន្មានម៉ោងចុងក្រោយនេះបាន សម្លាប់ជនស៊ីវិលច្រើននាក់ និងធ្វើឲ្យមនុស្ស ភៀសខ្លួនរាប់ពាន់នាក់។
បារាំងគាំទ្រក្រុមឧទ្ទាមនិន្នាការកណ្តាល នៅស៊ីរី។ ៤ខែមកនេះទីក្រុងអាឡិបបាន រងការទម្លាក់គ្រាប់បែកពីយន្តហោះស៊ីរីនិងរុស្ស៊ី។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជន២សែន៥ម៉ឺននាក់កំពុងជាប់ខ្លួន ក្នុងការឡោមព័ទ្ធនៅតាមសង្កាត់ដែល គ្រប់គ្រងដោយក្រុមឧទ្ទាម។ នៅចំពោះ មុខហិង្សាស៊ីរីបារាំងនឹងរៀបចំកិច្ចប្រជុំ បណ្តាប្រទេសគាំទ្រក្រុមប្រឆាំងស៊ីរីនៅ ដើមខែធ្នូនេះ។ អាមេរិក អាល្លឺម៉ង់ អង់គ្លេស អុីតាលី ទួរគី អារ៉ាប៊ីសាអ៊ូឌីត កាតារ ហ្ស៊ក ដានី អេមៀរ៉ាតអារ៉ាប់រួម នឹងមានវត្តមាន ក្នុងកិច្ចប្រជុំនេះ។
បារាំងកំពុងបារម្ភពីអនាគតក្រុមឧទ្ទាម ខណៈគ្រប់គ្នាកំពុងចាំមើលជំហរលោក ដូណាល់ ត្រាំ ចំពោះស៊ីរីពេលលោក ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក ក្នុងខែមករាខាងមុខ។
ក្នុងសមរភូមិស៊ីរីក្រុមឧទ្ទាមកំពុងចាញ់ប្រៀបកងទ័ព។ កងទ័ពបានវាយលុកដណ្តើម យកបានសង្កាត់ទាំងអស់នៅភាគឦសានទីក្រុងអាឡិប។ កាលពីថ្ងៃសៅរ៍កងទ័ព ដណ្តើមបានសង្កាត់ម៉ាសាកេនហាណាណូ នៅអាឡិបភាគខាងកើតជាការបើកផ្លូវឲ្យកងទ័ពវាយយកសង្កាត់ជាច្រើននៅអាឡិប កាលពីថ្ងៃចន្ទកន្លងទៅ។ កងទ័ពស៊ីរីបានកាត់ផ្តាច់តំបន់ខាងកើតអាឡិបជាពីរដើម្បីងាយស្រួលវាយក្រុមឧទ្ទាម។
ប្រតិបត្តិការវាយលុករបស់កងទ័ពដែល បើកធ្វើតាំងពីថ្ងៃ១៥ ខែវិច្ឆិកាមក បាន សម្លាប់មនុស្សយ៉ាងហោច២២៥នាក់នៅ អាឡិបខាងកើត។ ចំណែកក្រុមឧទ្ទាមក៏ បានសម្លាប់ជនស៊ីវិលយ៉ាងហោច២៧នាក់ ដែរពេលដែលពួកគេបាញ់ទៅលើកងទ័ពនៅអាឡិបភាគខាងលិច។
កាលពីចុងសប្តាហ៍កន្លងទៅជនស៊ីវិលជិតមួយម៉ឺននាក់បានភៀសខ្លួនជាលើក ដំបូងពីអាឡិបខាងកើតដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម។ ពួកគេ បានធ្វើដំណើរទៅជ្រកកោននៅតំបន់ស្ថិតក្រោមការកាន់កាប់របស់ក្រុមប្រយុទ្ធគួដឌីស្ថាន និងតំបន់របស់រដ្ឋាភិបាល។
ទីក្រុងអាឡែបប៉ូគឺជាទីក្រុងធំទី២របស់ស៊ីរីបានក្លាយជាសមរភូមិប្រយុទ្ធយ៉ាង ហិង្សាពីសំណាក់កម្លាំងទ័ពរដ្ឋាភិបាលស៊ីរីដោយមានការជួយគាំទ្រផ្លូវអាកាសពីកម្លាំង ទ័ពរុស្ស៊ី។ គោលដៅរបស់រដ្ឋាភិបាលទីក្រុង ដាម៉ាសគឺដណ្តើមយកទីក្រុងអាឡិបទាំងស្រុងពីកណ្តាប់ដៃក្រុមបះបោរ។ តែអ្វីដែល សហគមន៍អន្តរជាតិកំពុងបារម្ភខ្លាំងជាងគេនៅចំពោះមុខ គឺជីវិតជនស៊ីវិលស្លូតត្រង់ និងសោកនាដកម្មមនុស្សធម៌នាពេលខាងមុខ។ នៅសប្តាហ៍កន្លងទៅមានស្លាប់ជនស៊ីវិលពី១៥០ទៅ៣០០នាក់នៅក្រោមគ្រាប់ កាំភ្លើងស៊ីរី និងរុស្ស៊ី។
ផ្ទាំងទស្សនីយភាពដែលពិភពលោក កំពុងទស្សនានៅក្នុងប្រទេសស៊ីរីតាំងពីជាង ៥ឆ្នាំកន្លងទៅគឺអសមត្ថភាពរបស់សហ គមន៍អន្តរជាតិ និងភាពឡើងចាងកាន់តែខ្លាំងឡើងៗរបស់កម្លាំងរដ្ឋាភិបាលស៊ីរីរបស់ លោកប្រធានាធិបតីអាសាដដោយមានការ គាំទ្រពីសម្ពន្ធមិត្តក្នុងតំបន់ ដូចយ៉ាងអុីរ៉ង់ និងចលនាហេសបូឡាហ៍លីបង់ ពិសេស មហាអំណាចរុស្ស៊ី។ សហគមន៍អន្តរជាតិ ចេះតែបន្តស្រែក និងថ្កោលទោស ចំណែក របបក្រុងដាម៉ាស និងសម្ពន្ធមិត្តចេះតែបន្តវាយប្រហារលើទីតាំងរបស់ក្រុមបះបោរ ហើយជនស៊ីវិលស្លូតត្រង់ជាអ្នកបាត់បង់ជីវិតច្រើនជាងគេ។ សង្រ្គាមស៊ីវិលជាង៥ឆ្នាំកន្លងទៅបានផ្តាច់ជីវិតមនុស្សជាង៣០ ម៉ឺននាក់។
ក្រៅពីនោះ នៅមានបញ្ហាមនុស្សធម៌ និងជនស៊ីវិលជាច្រើនម៉ឺននាក់កំពុងបន្ត ជាប់កុននៅក្នុងតំបន់ជម្លោះ ហើយពួកគេមានការខ្វះខាតគ្រប់បែបយ៉ាងតាំងពីគ្រឿង ឧបភោគបរិភោគ ថ្នាំសង្កូវ និងទឹកស្អាតប្រើ ប្រាស់។ ក្នុងរយៈពេល១ឆ្នាំកន្លងទៅចំនួនជនស៊ីវិលដែលស្ថិតក្រោមការហ៊ុមព័ទ្ធរបស់ ទ័ពរដ្ឋាភិបាលបានកើនពីចំនួនជិត៤០ម៉ឺននាក់ទៅជិត១លាននាក់នាពេលសព្វថ្ងៃនៅទូទាំងប្រទេសស៊ីរី។ នៅក្នុងទីក្រុង អាឡិបប៉ែកខាងកើតដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមប្រឆាំងតាំងពីឆ្នាំ២០១២ មានជនស៊ីវិលប្រមាណ២៥ម៉ឺននាក់កំពុងជួបវិបត្តិមនុស្សធម៌តាំងពីជាង៤ខែ។
ជាថ្មីម្តងទៀតសំណុំរឿងស៊ីរីបានក្លាយជាប្រធានបទក្តៅ និងបន្ទាន់របស់ក្រុមប្រឹក្សា សន្តិសុខ។ តែលើកណាក៏ដូចជាលើកណា ដែររុស្ស៊ីដែលជាសម្ពន្ធមិត្តចាក់ទឹកមិនរបស់ ស៊ីរីតែងតែប្រឆាំងរាល់សេចក្តីសម្រេចចិត្តណាដែលថ្កោលទោសរបបស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី