ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិម្ចាស់ហាង ហើយរត់គេចខ្លួនបាន៣ថ្ងៃ ក៏ត្រូវស្ត្រីរងគ្រោះឃាត់យកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្ទះលេខ០៨៦E0z ផ្លូវលេខ១៤៤ ភូមិទី៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះមាន សោភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៧០E0z ផ្លូវលេខ១៤៤ ភូមិទី៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។ចំណែកឯជនសង្ស័យឈ្មោះ យឹម សុវ័យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៨៦E0z ផ្លូវលេខ១៤៤ ភូមិទី៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៨ព្រឹកជនរងគ្រោះបានចេញពីហាងអ៊ុតសក់ ទៅផ្ទះបងស្រីនៅម្តុំចោមចៅ ដោយទុកហាងឲ្យឈ្មោះវី ភេទស្រី អាយុ២៩ឆ្នាំ ជាអ្នកមើលខុសត្រូវរហូតដល់ម៉ោងបិទហាងឈ្មោះវី ក៏បានយកសោរប្រគល់ឲ្យឈ្មោះយឹម សុវ័យ ជាជនសង្ស័យដេកយាមហាងរហូតដល់ម៉ោង២៣និង៥០នាទី ទើបជនសង្ស័យចូលដេក លុះដល់ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ជនសង្ស័យបានធ្វើសកម្មភាពលួចយក ខ្សែកផ្លាកទីន០១ ខ្សែទម្ងន់១ជី៥ហ៊ុន ចញ្ជៀនផ្លាកទីន០២វង់ មិនច្បាស់ទម្ងន់ និងកាម៉ារ៉ាថតរូប ម៉ាក់ប៉ាណាសូនិក១គ្រឿង ហើយគេចខ្លួនបាត់ ។ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី២ រហូតដល់ថ្ងៃឃាត់ខ្លួនខាងលើស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យក៏ចាប់យកប្រគល់ឲ្យសមត្ថកិច្ចតែម្តង. ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាន ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិ ការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតីវិធី ៕
ដោយ៖ ស ដារ៉ា