ខេត្តកណ្តាល៖ រថយន្តម៉ាកFRONTHEAបើកបោះពួយបុកគូថម៉ូតូជិះស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ “ថាវ សុខអេង” ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកFRONTHEA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2I-1992 អ្នកបើកបរដោយឈ្មោះ មាឃ ថុនា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1K-7909 បើកបរដោយឈ្មោះ សុខ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ(របួសស្រាល) មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ យ៉ង សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ស្ថិតក្នុងសភាពរេចង្កូតពេញផ្លូវ ។ លុះបើកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកគូថម៉ូតូបើកនៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវជាតិធ្វើឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរក្រុងតាខ្មៅ ចាប់ខ្លួនវាស់រកជាតិអាកុលនៅក្នុងខ្លួនមានចំនួន០.៩៥មីលីក្រាមក្នុងមួយលីត្រខ្យល់ ។ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្តមានជាតិអាកុលនៅក្នុងខ្លួន រហូតដល់០.៩៥មីលីក្រាមក្នុងមួយលីត្រខ្យល់ បើកបរក្នុងល្បឿនលឿនបាត់បង់ម្ចាស់ការជ្រុលចង្កូតទៅបុកជនរងគ្រោះ ខណៈកំពុងបើកបរស្របទិសគ្នា ៕
ដោយ៖ ស្អាងជ័យ