ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកឌូក បុកជាមួយនឹងម៉ូតូហុងដាសេ១២៥ យ៉ាងពេញទំហឹងអូសជិត២០ម៉ែត្រ បណ្តាលបុរសម្នាក់ដាច់កែងជើង និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងដីឡូតិ៍ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ទី១មានឈ្មោះភេទ លេខា ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ទី២ឈ្មោះ ចាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល និងទី៣មិនស្គាល់ឈ្មោះមាន អាយុ៣៥ឆ្នាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកDuke ពាក់ស្លាកលេខភ្នំពេញ 1CX-1799បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវខាងលើ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-3286 បើកបរដោយបុរសម្នាក់ជិះឌុបគ្នាម្នាក់ទៀតនៅខាងក្រោយក្នុងទិសដៅស្របគ្នា លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូហុងដាសេ១២៥ បានកាច់ស៊ីញ៉ូឆ្វេងបើកឆ្លងផ្លូវ ស្របពេលម៉ូតូម៉ាកDukeដែលកំពុងបើកបរនៅខាងក្រោយ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលអូសជិត២០ម៉ែត្រ ចំណែកជនរងគ្រោះទាំង៣នាក់ខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ អ្នកបើកបរម៉ូតូម៉ាកឌូកបាក់ដៃ អ្នកបើកម៉ូតូហុងដាសេ១២៥ ដាច់កែងជើងរងរបួសធ្ងន់សន្លប់បាត់ស្មារតី ចំណែកអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់បែកមុខមាត់។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងអន្តរាគមន៍ហៅរថយន្តសាមុយមកដឹកជនរងគ្រោះម្នាក់ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ចំណែក២នាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រីឯម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ច អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
...
ដោយ៖ តាឡឹម