ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ(រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះ បានធ្លាក់សង្កត់លើ ។
ករណីរន្ធត់ចិត្តនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះម៉េង ជូលី អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះភូមិគឺស្ថិតនៅក្បែរផ្ទះ ដែលគេធ្វើដាក់ខ្នោះលូមួយ ។
តាមការរៀបរាប់របស់ឪពុកក្មេងរងគ្រោះថា នៅមុនពេលកើតហេតុមានក្មេង២ទៅ៣នាក់ បាននាំគ្នាលេងបោះលុយលើព្រះភូមិនោះរួចឈោងយកលុយនេះវិញ ប៉ុន្តែនៅពេលដែលកំពុងនាំគ្នាលេងក្មេងស្រី ម៉េង ជូលី បានឈរមាត់លូរួចឈោងយកលុយនៅលើព្រះភូមិ ក៏ស្រាប់រអិលជើងធ្លាក់ និងតោងព្រះភូមិនោះបណ្តាលឲ្យរលំធ្លាក់ខ្លួនគៀបផ្ទប់និងលូបណ្តាលឲ្យរងរបួសត្រូវទ្រូង និងកធ្ងន់ធ្ងរ រួចបាននាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែស្ថានភាពក្មេងរងគ្រោះធ្ងន់ធ្ងរពេកបណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់នៅមន្ទីរពេទ្យតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យនៅកន្លែងកើតហេតុ និងបានសន្និដ្ឋានថាក្មេងស្រីរងគ្រោះនេះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់លើពិតប្រាកដមែន និងបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា