ពលរដ្ឋឥណ្ឌូនេស៊ីដែលជាអ្នកកាន់ សាសនាអ៊ិស្លាមរាប់ពាន់នាក់បាននាំគ្នាដើរ ដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុងហ្សាការតានាថ្ងៃតី២ ខែធ្នូ ឆ្នាំ២០១៦ ទាមទារឲ្យរដ្ឋាភិបាលចាប់ខ្លួនអភិបាលក្រុងដែលមានដើម កំណើតជនជាតិចិនកាន់សាសនាគ្រឹស្ត ដោយរងការចោទប្រកាន់ថា បានមើល ងាយដល់សាសនាអ៊ិស្លាម។
ក្រុមបាតុករទាមទារឲ្យចាប់ខ្លួនអភិបាល ក្រុង Basuki Tjahaja Purnama ដែល គេស្គាល់ឈ្មោះថា Ahok ។ ប៉ូលិសឥណ្ឌូ នេស៊ីបានឲ្យដឹងថា មានបាតុកររហូតដល់ ជាង១៥០ពាន់នាក់ចូលរួម។ នៅពេលនេះ ដែរទាហាននិងប៉ូលិសជាង២២ពាន់នាក់បានដាក់ពង្រាយការពារសន្តិសុខនៅទីក្រុង ហ្សាការតាដើម្បីរក្សាសណ្តាប់ធ្នាប់ដោយខ្លាចមានអំពើហិង្សាដូចកាលពីបាតុកម្មថ្ងៃទី៤ ខែវិច្ឆិកា។
លោក Ricky Subagia អាយុ២៦ឆ្នាំ បានបញ្ជាក់ថា «អ្វីដែលខ្ញុំចង់បាននោះគឺយុត្តិធម៌ ហើយដើម្បីអនុវត្តយុត្តិធម៌នោះ លោក Ahok ចាំបាច់ត្រូវតែចុះចេញពី តំណែង។ លោក Ricky Subagia ធ្វើ ដំណើរចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រដើម្បី មកចូលរួមធ្វើបាតុកម្ម។
លោក Basuki Tjahaja Purnama ជា អភិបាលក្រុងហ្សាការតាមានដើមកំណើតជាជនជាតិចិនកាន់សាសនាគ្រឹស្តដំបូង បង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក ទទួលរងការស្រាវជ្រាវពីបទមើលងាយ ដល់គម្ពីរកូរ៉ានដែលជាគម្ពីរធម៌ដ៏សក្តិសិទ្ធិនៅក្នុងសាសនាអ៊ិស្លាម។ ឥណ្ឌូនេស៊ីជា ប្រទេសដែលមានពលរដ្ឋកាន់សាសនា អ៊ិស្លាមច្រើនជាងគេបំផុតលើពិភពលោក។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាសម្ពន្ធមិត្តយូរឆ្នាំរបស់លោក Basuki Tjahaja Purnama បាន បញ្ជាក់ថា មានក្រុមអ្នកនយោបាយកំពុងតែប្រើប្រាស់ឱកាសដើម្បីគោលដៅនយោបាយរបស់ខ្លួន។ ប៉ូលិសឥណ្ឌូនេស៊ីក៏បាន ព្រមានថា ក្រុមអ៊ិស្លាមជ្រុលនិយមអាចនឹងប្រើប្រាស់ហេតុការណ៍ខាងលើដើម្បីបង្ក អសន្តិសុខ និងផ្តួលរំលំរដ្ឋាភិបាលរបស់ លោក វីដូដូ៕
ប្រែសម្រួល៖ ម៉ែវ សាធី