ខេត្តកណ្តាល៖ បើទោះបីជាមានដំណោះស្រាយយ៉ាងណាក្តី ក៏សិស្សានុសិស្ស នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា នៅតែមិនសុខចិត្ត ស្នើដល់ក្រសួងអប់រំយុវជន និងកីឡា មេត្តាធ្វើការផ្លាស់ប្តូរតំណែងនាយកសាលានេះចេញ ដោយដាក់នាយកថ្មីជំនួសលោក សុខ ពៅ វិញ ព្រោះពួកគេមិនអាចទទួលយកនាយកសាលាដែលប្រព្រឹត្តអំពើពុករលួយបានទៀតទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សិស្សានុសិស្ស នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ប្រមាណ៣០០នាក់ រៀនចាប់ពីថ្នាក់ទី១០.១១ និង១២ បានប្រមូលផ្តុំគ្នាឈរតវ៉ានៅខាងមុខសាលាមិនព្រមចូលរៀន ដោយចោទប្រកាន់លោក សុខ ពៅ ជានាយកសាលាថា បានប្រព្រឹត្តអំពើពុករលួយ រហូតធ្វើឲ្យពួកគេទ្រាំលែងបាន ។
សិស្សានុសិស្សដែលចូលរួមតវ៉ានិយាយថា ក្នុងមួយឆ្នាំៗពួកគេចំណាយប្រាក់សិក្សាអស់ច្រើនណាស់ ដោយសារតែបង់លុយឲ្យលោក សុខ ពៅ ។ សិស្សានុសិស្សនិយាយថា លោក សុខ ពៅ និងបក្ខពួកដែលជាគ្រូបង្រៀនប្រចាំសាលា បានតម្រូវឲ្យសិស្សទាំងអស់បង់លុយជារៀងរាល់ខែដូចជា៖ បង់ម៉ោងកីឡាក្នុងម្នាក់ៗចំនួន៥០០រៀលក្នុងមួយខែ , បង់លុយម៉ោងពលកម្ម-កសិកម្មក្នុងម្នាក់ៗ២០០០រៀលក្នុងមួយខែ, បង់លុយថ្លៃទិញពាក្យសុំចូលរៀនចំនួន២៥០០រៀលក្នុងម្នាក់ៗ , បង់លុយថ្លៃទិញកង្ហារក្នុងម្នាក់ៗ១០.០០០រៀល ,បង់លុយថ្លៃសុំខ្ចីសៀវភៅពុម្ពក្នុងម្នាក់ៗ២០០០រៀល ។ ពេលសិស្សណាមិនគោរពបទបញ្ជាផ្ទៃក្នុង គឺត្រូវបង់លុយដោយមិនអនុវត្តតាមវិន័យសាលា ។ ទទួលលុយសូកប៉ាន់ពីសិស្សដែលរៀនខ្សោយចំនួន១០ទៅ២០ដុល្លារ ដើម្បីបន្ថែមពន្ទុកឲ្យជាប់ដូចសិស្សរៀនពូកែ ។
ក្នុងអំឡុងពេលចេញមុខតវ៉ាប្រឆាំងអំពើពុករលួយរបស់លោកនាយក និងបក្ខពួកដែលជាគ្រូបង្រៀននេះដែរ សិស្សានុសិស្សបានសរសេរបដាចំនួនបួនសន្លឹកថា “ម្តាយឪពុកខ្ញុំជាអ្នកក្រ ខ្ញុំគ្មានលុយឲ្យអ្នកស៊ីតាមចិត្តទេ….! ” “ខ្ញុំមិនត្រូវការនាយកសាលានិយាយគំរាមកំហែងដូចអ្នកទេ” “ខ្ញុំយល់ឃើញថាបញ្ហាមួយចំនួនយកលុយដោះស្រាយ…!” “លុយ២៥០០រៀលបានពីសិស្សម្នាក់ៗដោយការលក់ពាក្យយកទៅធ្វើអ្វី….?” ។
គួររំឮកផងដែរថា នៅពេលដែលអ្នកសារព័ត៌មានយើងចុះទៅយកព័ត៌មាន និងថតផ្តិតយករូបភាពសកម្មភាពតវ៉ារបស់សិស្សានុសិស្ស នាយកសាលា គឺលោក សុខ ពៅ បានឈរកាន់ក្បាលម៉េក្រូនិយាយគំរាមមកលើអ្នកព័ត៌មានថា “អ្នកកាសែតឯង អត់មានសិទ្ធិក្នុងការចុះយកព័ត៌មាន និងថតរូបភាពនៅទីនេះទេ លុះត្រាមានការអនុញ្ញាតពីក្រសួងអប់រំ ឬក៏មន្ទីរអប់រំខេត្ត ទើបអាចថតបាន”) ។ ជាមួយនឹងពាក្យសម្ដីខាងលើនេះ លោក សុខ ពៅ ក៏បានឈរចង្អុលមុខអ្នកព័ត៌មានយើងផង តែទោះបីជាបែបណាអ្នកព័ត៌មានយើងមិនបានតបតទៅនឹងពាក្យសម្ដីដែលខ្វះការយល់ដឹងនេះទេ ៕
ដោយ៖ ស្អាងជ័យ