ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងតែ ដើរឆ្លងផ្លូវហើយត្រូវរថយន្ត២គ្រឿងបានបុកបន្ត កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តចំនួន២គ្រឿងបានបើកបន្តបន្ទាប់គ្នាបើកក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុស្រាប់មានបុរសរងគ្រោះបានដើរឆ្លងផ្លូវ ហើយរថយន្តដែលនៅខាងមុខបានបុកបុរសរងគ្រោះពេញមួយទំហឹង ហើយភ្លាមៗនោះក៏ត្រូវរថយន្តដែលនៅបន្ទាប់បុកបន្ថែមទៀត ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងបន្ថែមល្បឿនបើករថយន្តគេចបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចពុំបានស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ ដោយសារតែជនរងគ្រោះជាមនុស្សដែលមានសតិមិនគ្រប់ ហើយទើបតែឃើញដើរនៅក្រុងកំពង់ឆ្នាំងតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ៕
ដោយ៖ ចន្ថា