ក្រុមខ្លាំងពីររបស់អង់គ្លេសគឺហង្សក្រហម Liverpool និងបិសាចក្រហម Manchester United បានទទួលការខកចិត្តដូចគ្នានៅចុងម៉ោងក្នុងការប្រកួតក្រៅទឹកដីរបស់ពួកគេនៅអង់គ្លេស Premier League កាលពីថ្ងៃ អាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ។
Liverpoolធ្វើដំណើរទៅផ្ទះរបស់ក្រុម Bournemouth ដោយមានក្តីសង្ឃឹម ថានឹងទទួលបាន៣ពិន្ទុឡើងមកឈរលេខរៀង ទី២វិញ។
នៅពេលប្រកួតនោះពួកគេបានវាយសម្រុកយ៉ាង ខ្លាំងទៅលើម្ចាស់ផ្ទះរហូតដល់អាចរកបាន២គ្រាប់នៅក្នុងតង់ទី១ ហើយក្នុងតង់ទី២ ក៏អាចស៊ុតបាល់បន្ថែមនាំមុខរហូតដល់ទៅ៣គ្រាប់។
ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយរបស់Liverpool នោះគឺត្រូវក្រុមម្ចាស់ផ្ទះតាមបានស្មើវិញនៅត្រឹមនាទីទី៧៨ ហើយថែមទាំងអាចរកគ្រាប់បាល់ទី៤នៅម៉ោងបន្ថែមជិតចប់ការប្រកួតទៅហើយ ដោយកីឡាករN. Aké ។
លោក Juergen Klopp គ្រូបង្វឹកក្រុម Liverpool បាននិយាយថាពួកគេបានបោះ ៣ពិន្ទុចោលហើយសរសើរដល់ក្រុមBournemouth ថាពិតជាស័ក្តិសមនឹងទទួលជ័យជម្នះមែន។
ចំណែកក្រុមបិសាចក្រហមវិញក៏ជួបរឿងខកចិត្តដូចគ្នាដែរពេលប៉ះក្រុមEvertonនៅថ្ងៃជាមួយគ្ននោះ ។ ក្រុមរបស់លោក Mourinho បាននាំមុខម្ចាស់ផ្ទះ១គ្រាប់មុនដោយកីឡាករជើងចាស់សញ្ជាតិស៊ុយអែតZlatan Ibrahimovic នៅនាទីទី៤២ ។
ការប្រកួតឈានចូលមកដល់នាទី៨៦ជិតចប់ទៅហើយខ្សែបម្រើ Marouane Fellaini អតីតកីឡាករបស់ក្លិបEvertonបានធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ហើយអាជ្ញាការណ្តាលបានពិន័យបាល់១១ម៉ែត្រលើក្រុមបិសាចក្រហម។ ខ្សែការពារL.Baines អាចស៊ុតបាល់ប៉េណាល់ទីបាន សម្រេចធ្វើឲ្យម្ចាស់ផ្ទះតាមស្មើ ហើយធ្វើឲ្យពួកគេរក្សាកំណត់ត្រាមិនធ្លាប់ចាញ់នៅក្នុងទឹកដីក្នុងក្របខ័ណ្ឌអង់គ្លេស Premier League រដូវកាលនេះ៕
ដោយ៖ ដេវីត