ភ្នំពេញ៖ ក្រុមក្មេងស្ទាវៗចំនួន១០នាក់ដែលតែងតែប្រមូលផ្តុំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ(អតីតពេទ្យលោង្ឃ)នោះត្រូវកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមជាមួយសម្ភារះប្រើប្រាស់មួយចំនួន។ កាលពីម៉ោង ១១និង៣០នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចផ្លូវលំ ក្រុម ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក គួក សុខហួរ អធិការរង ខណ្ឌ និងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញារងនៃអយ្យការអមសាលារាជធានីភ្នំពេញ។
តាមប្រសាសន៍លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានមានប្រសាសន៍ថាដោយមានបទបញ្ជារពីអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្រុមក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបានចំនួន១០នាក់និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគឺជាតំបន់ប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសារយ៉ាងណាក៍ដោយក៏មិនចេះអស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះកំលាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីយកទៅពិនិត្យទឹកនោមពិតជាមានសារធាតុញៀនមែន ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។តុង សីហា