អាជ្ញាធររាធានីគ្រោងប្តូរទីតាំងទីលានប្រជា​ធិបតេយ្យចាស់ទៅទីលានថ្មី នៅជាប់មាត់ទន្លេ ខណ្ឌឫស្សីកែវ ឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា ៖ ប្រសិន បើមិន មានការកែប្រែពីរាជ រដ្ឋាភិបាល នោះទេ ទីលាន ប្រជាធិបតេយ្យចាស់នឹងត្រូវធ្វើការផ្លាស់ប្តូរទៅលើសួនច្បារគីឡូម៉ែត្រលេខ៦ តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ក្នុងទំហុំ ២២៨៣៥ម៉ែត្រការ៉េ ធំជាងទីលានចាស់ជិតបីដង នៅជាប់មាត់ទន្លេមានខ្យល់បរិយាកាសល្អ មិនប៉ះពាល់សណ្តាប់ធ្នាប់ ខណៈទីលានចាស់ មានទីតាំងស្ថិតនៅលើសួនច្បារចន្លោះផ្លូវលេខ១០៦ និង១០៨ សង្កាត់វត្តភ្នំ ដែលត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះស្នើរសុំឲ្យផ្លាស់ប្តូរ ដោយចោទប្រកាន់ថា ការ តវ៉ានានាកន្លងមក មានការរំខាងដល់ការរស់នៅ និងការប្រកបរបររកស៊ីផ្សេងៗនោះ ។

លោក ម៉េត មាសភក្តី បានបន្ដថា៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជីវករ ដែលមានលំនៅដ្ឋាន និងទីតាំងអាជីវកម្មជុំវិញទីលានប្រជាធិបតេយ្យ បានបង្ហាញពីការភ័យខ្លាច ព្រោះប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរអាជីវកម្មនានា និងមានសំណើរសុំរបស់សមាគមធនាគារ ដែល បានលើកឡើងពីក្តីបារម្ភជុំវិញបញ្ហាសន្តិសុខ សុវត្ថិភាព និងផល ប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរផង នោះ អាជ្ញាធររាជធានីភ្នំពេញ បាន និងកំពុងស្នើរសុំទៅរាជរដ្ឋាភិបាល ដើម្បីធ្វើការផ្លាស់ប្តូរទៅទីតាំងទីលានប្រជាធិបតេយ្យនេះ ។

លោកបន្តថា ៖ ទីលានប្រជាធិបតេយ្យថ្មីដែលត្រូវផ្លាស់ប្តូរនោះ គឺនៅលើសួនច្បារគីឡូម៉ែត្រលេខ៦ តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ត្រង់ចំណុច ទល់មុខឃ្លាំងសាំងសូគីម៉ិចឬស្សីកែវ ដែលមានទំហុំ ២២៨៣៥ម៉ែត្រការ៉េ ធំជាងទីលានចាស់ជិតបីដង គឺទីលានចាស់មានទំហុំតែ៨២១៧ម៉ែត្រការ៉េប៉ុណ្ណោះ ។

លោក ម៉េត មាសភក្តី បន្ដថា ៖ទីលានថ្មីនោះ ស្ថិតនៅជាប់មាត់ទន្លេ មានខ្យល់អាកាសល្អ និងមិនមានការប៉ះពាល់សណ្តាប់ធ្នាប់ និងរំខានដល់ប្រជាពលរដ្ឋឡើយ ចំណែកទីលានសព្វថ្ងៃនេះ មានសភាពតូចចង្អៀត ហើយជាពិសេសនៅពេលមានបងប្អូនប្រជាពលរដ្ឋមកសម្តែងមតិម្តងៗបានធ្វើប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅជុំវិញនោះ ពិបាកក្នុងការចេញចូលផ្ទះ ប៉ះពាល់អាជីវកម្ម ស្ទះចរាចរ ហើយម្យ៉ាងទៀតពិបាកក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់តែម្តង ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប៉ុន្តែទោះយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញ មិនទាន់បានកំណត់ពេលវេលានៃការផ្លាស់ប្តូរទីតាំងឬត្រូវរៀបចំបែបណានោះទេ គឺរងចាំមានការឯកភាពពីរាជរដ្ឋាភិ បាលជាមុនសិន ចំណែកទីតាំងចាស់ អាចនឹងយកទៅធ្វើជាសួនច្បារ និងការស្ថាបនាជាទីតាំងអ្វីដែលបំរើឲ្យសាធារណៈតែម្តង ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅក្នុងវេទិការសាធារណៈកាលពី សប្ដាហ៍មុននៅខណ្ឌចំកាមនថា ៖ ដោយសាមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញទីលានប្រជាធិបតេយ្យ នៅក្នុងវេទិការសាធារណៈ អាជ្ញាធររាជធានីភ្នំពេញកំពុងពិភាក្សាធ្វើការផ្លាស់ប្តូរទីតាំងទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ដោយជ្រើសយកទៅទីតាំងថ្មីដែលសំស្រប មានទំហំធំទូលាយសម្រាប់ការសម្តែងមតិ និងមិនប៉ះពាល់ការរកស៊ីរបស់ប្រជាពលរដ្ឋឡើយ ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និង ទិវាជនពិការអន្តរជាតិលើកទី៣៤ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី៦ធ្នូ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាតំបន់ទីលានប្រជាធិបតេយ្យចាស់នេះ បានបង្កការរំខានទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទីតាំងទីលានប្រជាធិបតេយ្យនេះ ជាតំបន់សម្រាប់អ្នកពាណិជ្ជកម្ម អ្នកការទូត និងសម្រាប់ អ្នកទេសចរផងដែរ ដែលគួរតែត្រូវប្តូរចេញ ដើម្បីចៀសការបង្កផលប៉ះពាល់ និងឲ្យយកទីតាំងនេះទៅធ្វើជាសួន ច្បារសម្រាប់ប្រជាពលរដ្ឋលំហែកាយ និងយកមួយផ្នែកធ្វើជាកន្លែងសម្រាប់ក្រុមជនពិការប្រគំតន្ត្រីរកថវិកា ទ្រទ្រុងសមាគមរបស់ខ្លួន ៕

image2 image1

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print