ខេត្តរតនគិរី៖ ជំនាញរដ្ឋបាលព្រៃឈើបរកែវ សហការជាមួយកម្លាំងប៉ះអឹមស្រុកអូរយ៉ាដាវ កម្លាំងប៉ុស្តិ៍រដ្ឋបាលសេសាន្តនិងកម្លាំងយោធាព្រំដែនវរៈ១០២ចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្ថិតនៅក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការចុះរុករកឃើញគំនរឈើលេខ១សុក្រំនៅរាយប៉ាយតាមមាត់ទន្លេសេសាន្តកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ចំនួន២៣០កំណាត់ ស្មើនឹង១៦,៥៥៥ម៉ែត្រគូប (២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។
តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាង ស្រុកអណ្តូងមាស ដោយឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាដលបម្រុងដឹកជញ្ជូនបន្តទៅលក់ឲ្យឈ្មួញនៅប្រទេសសវៀតណាម។
តាមប្រភពពីប្រជាពលរដ្ឋជាជនជាតិដើមភាគតិចបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនេះឈ្មួញមានគ្នា៣នាក់ រួមមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស និងទី៣-ឈ្មោះ ង៉ែត ភេទស្រី។
ម្ចាស់ឈើទាំង៣នាក់ខាងលើនេះជាឈ្មួញឡើងដុះស្លែជាយូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
បច្ចុប្បន្នឈើទាំងនោះដឹកជញ្ជូនចេញបណ្តើៗហើយដោយសារពិបាកផ្លូវកម្លាំងប៉ះអឹមស្រុកនិងកម្លាំងរដ្ឋបាលព្រៃឈើ ដេកយាមកាមរហូតដល់ព្រឹកថ្ងៃទី៨ ខែឆ្នាំដដែលទើបដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើបកែវដើម្បីរក្សាទុក ៕
...
ដោយ៖ វុទ្ធឦសាន