អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឆែកឆេរការដ្ឋានសំណង់មួយកន្លែងនៅខណ្ឌទួលគោកឃាត់ខ្លួនជនបរទេស៥០នាក់ 

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរការដ្ឋានសំណង់មួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួល គោកដោយបានឃាត់ខ្លួនជនបរទេស ៥០នាក់ ក្នុងនោះមានស្រី៥នាក់ ប៉ុន្តែសមត្ថកិច្ចឃាត់តែជនជាតិចិន ១២នាក់ទេ ដែលគ្មានលិខិតឆ្លងដែន រួចបញ្ជូនទៅសាកសួរ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់ចិនមួយកន្លែង ស្ថិតតាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនបរទេសទាំង ៥០នាក់នោះ គឺមានជនជាតចិន ៤៨នាក់ ជនជាតិម៉ាឡេស៊ី ១នាក់ និងជនជាតិមីយ៉ាន់ម៉ា១នាក់  ហើយក្នុងរវង់ប្រតិបត្តិការនេះមានជនជាតិប៉ាគីស្ថានម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

លោក អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពេលត្រួតពិនិត្យរួច កម្លាំងសមត្ថកិច្ចបានឆែកឆេររកលិខិតឆ្លងដែនជាក់ស្តែងតែឃើញមានលិខិតឆ្លងដែនតែ ៣៥ក្បាល និងសៀវភៅការងារ ៣៥ក្បាល ប៉ុណ្ណោះ។រីឯជនជាតិចិនចំនួន ១២នាក់ ដែលគ្មានលិខិតឆ្លងដែននិងគ្មានសៀវភៅការងារត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធី ៕ ដោយ៖ ស តារា

dara-2 dara-3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print