ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចែកចាយ និងរក្សាទុកថ្នាំញៀនខុសច្បាប់ ត្រូវបានកងរាជអាវុធហត្ថក្រុងបានលុងធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ។
លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបានឲ្យដឹងថា យោងតាមដីការឆែកឆេររបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅផ្ទះសំណាក់យីហោពន្លឺពេជ្រនិយាមកាម១៤.៥៩៩ និងនិយាមកាម១៨.៥៥៨ ស្ថិតក្នុងភូមិថ្មី សង្កាត់បានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ជនសង្ស័យមានទីលំនៅភូមិថ្មី សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី ។
លោកបានបន្តទៀតថា វត្ថុតាងដកហូតបានមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកមួយកញ្ចប់ធំទម្ងន់៣,៤៥ក្រាម) ទូរស័ព្ទដៃម៉ាកIphone4 ពណ៌ខ្មៅចំនួន១គ្រឿង ម៉ូតូវ៉េវពណ៌ខ្មៅលាយ ក្រហម ពាក់ស្លាកលេខរតនគិរី1B-3283ចំនួន១គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់និងប្រដាប់សេព គ្រឿងញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះកំពុងឃាត់ខ្លួននៅការិយាល័យគ្រឿងញៀននៃបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី ៕ ដោយ ៖ វុទ្ធឦសាន