ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចយោធាម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីករណីផ្សេងគ្នា រថយន្ត បើកធ្លាក់ពីលើចំណោតភ្នំ និងបើកម៉ូតូបុកគោយន្តកន្រ្តៃ ។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យថា កាលពីវេលា ម៉ោងប្រមាណ៤និង១៥នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចខាងក្រោមចំណោតយាយម៉ៅ ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ដោយរថយន្តយោធា ពណ៏ត្រេអ៊ី១គ្រឿង ដឹកសម្ភារកាកបាទក្រហម ចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅទីបញ្ជាការវរ លេខ៥០១ ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ដើម្បីចែកជូនដល់គ្រួសារកងទ័ព ប៉ុន្តែជាអកុសល់ទៅដល់ចំណុចចំណោទភ្នំខាងលើឲ្យរថយន្តជួបឧបសគ្គជាន់ហ្វាង់មិនស៊ី បណ្ដាលឲ្យរអិលបោកក្រឡាងច្រើនត្រឡប់ស្លាប់អ្នកបើកបរ ខណៈក្នុងរថយន្តនេះមានតែ ម្នាក់គាត់គត់។
ប្រភពព័ត៌មានខាងលើបន្តទៀថា ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ជីង សុខន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយោធាកងអនុសេនាធំ(ដឹកជញ្ជូន) នៃកងពលតូចអន្តរាគមន៍លេខ១៤ ចំពោះសាកសពក្រុមគ្រួសារនិងអង្កភាពបានយកទៅតំកល់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទីបញ្ជាកាកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ចំណែក រថយន្តអង្កភាពកំពុងចាត់ចែង។
ដោយឡែកនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ឯនេះវិញ ត្រូវបានលោកវេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងដែរថា មាន ករណីគ្រោះថ្នាក់ចរាចរណ៍១លើកដែរ មានជន៣នាក់ធ្វើដំណើរគ្នាដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-7620 ធ្វើដំណើរក្នុងទិស ដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃពេញទំហឹង បណ្ដាល ឲ្យដាច់កង់គោយន្តម្ខាងផ្នែកខាងឆ្វេងដូចគេកាត់ ចំណែកភាគ្គីខាងម៉ូតូសន្លប់ស្ដូកស្ដឹងយ៉ាង ធ្ងន់ធ្ងរទាំងអស់គ្នា ។
លោកវេរសេនីយ៍ត្រីបន្តទៀតថា ជនរងរបួសធ្ងន់ទាំង៣នាក់ខាងភាគ្គីម៉ូតូទី១ឈ្មោះ នី មនូ ភេទប្រុស អាយុ២១ឆ្នាំ(អ្នកបើកបរម៉ូតូ) ទី២ឈ្មោះ ឡាំ លឿន ភេទប្រុស អាយុ ២០ឆ្នាំ និង ទី៣ឈ្មោះ អៀង ចិន្ដា ភេទប្រុស អាយុ២២ឆ្នាំ ។
បច្ចុប្បន្នទាំង៣នាក់រស់នៅភូមិកំបង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការនគរបាលស្រុកក្រគរបានឲ្យដឹងបន្តទៀតថា ជនរងរបួសធ្ងន់ទាំង៣នាក់ បើកបរ ក្នុងស្ថានភាពមានជាតិស្រវឹងមិនពាក់មួកសុវត្ថិភាព ម៉្យាងទៀតផ្លូវដីហុយហើយត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកភាគ្គីខាងគោយន្តរត់គេចខ្លួនវត្ថុតាង ម៉ូតូនិងគោយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំធ្វើការដោះស្រាយ គ្នាតាមផ្លូវច្បាប់ ៕
ដោយ៖ ប៉ឹម ពិន